ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) នេះ បានប្រាប់ថា កិច្ចព្រមព្រៀងថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្តល់ការទទួលខុសត្រូវដល់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមួយនេះ ដើម្បីត្រួតពិនិត្យការប្តេជ្ញាចិត្តនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន អគ្គនាយក IAEA លោក Rafael Grossi បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ «បង្ហាញជាពិសេស» ថា សមាសធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ «នឹងត្រូវបានត្រួតពិនិត្យដោយ IAEA»។ លោក Grossi បានបន្ថែមថា៖ «ដើម្បីត្រួតពិនិត្យ យើងត្រូវធ្វើអធិការកិច្ច។ គ្មានវិធីផ្សេងទៀតទេ»។
ជាមួយគ្នានេះ លោកបាននិយាយទៀតថា ទីភ្នាក់ងារនេះបានចាប់ផ្តើមការងារបច្ចេកទេស ជាមួយអាជ្ញាធរអ៊ីរ៉ង់រួចហើយ ហើយសង្ឃឹមថា នឹងទៅដល់អ៊ីរ៉ង់ «ឆាប់ៗនេះ» ដោយបន្ថែមថា សេចក្តីថ្លែងការណ៍សាធារណៈខុសគ្នា ដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឆ្លុះបញ្ចាំងពី «ជំហរនយោបាយ»។
លោកបានលើកឡើងថា «មានសង្រ្គាមសេចក្តីថ្លែងការណ៍» ដោយបានបន្ថែមថា កិច្ចព្រមព្រៀងនេះក៏គ្របដណ្តប់លើទណ្ឌកម្ម បូរណភាពទឹកដី ការប្រើប្រាស់កម្លាំង ការជំរុញសេដ្ឋកិច្ច និងសេរីភាពនៃការធ្វើនាវាចរណ៍ផងដែរ៕