ដោយមានកំហឹងចំពោះការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន និងខឹងសម្បា ចំពោះអ្វីដែលពួកគេមើលឃើញថា ជាការសន្យាបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលបញ្ចប់សង្គ្រាម ដោយលក្ខខណ្ឌអំណោយផល ក្រុមប្រកាន់រឹងត្អឹងរបស់រុស្ស៊ី កំពុងជំរុញឱ្យប្រធានាធិបតី Vladimir Putin បោះបង់ចោលការទូត និងបង្កើនសង្គ្រាមឱ្យខ្លាំងក្លា។
ការអំពាវនាវឱ្យមានវិធានការកាន់តែតឹងរ៉ឹងនេះ មិនមែនជារឿងថ្មីឡើយ។ សំឡេងជាតិនិយមបានជំរុញជាយូរមកហើយ ឱ្យមានការចល័តពេញលេញ ការបំផ្លាញទីស្នាក់ការរដ្ឋាភិបាលរបស់ទីក្រុងគីវ ការធ្វើឃាតលោកប្រធានាធិបតី Volodymyr Zelenskyy និងការវាយប្រហារលើរោងចក្រយានដ្រូនបស់អឺរ៉ុប។ ក្រុមចូលចិត្តធ្វើសង្គ្រាមខ្លះ ថែមទាំងបានអំពាវនាវឱ្យប្រមុខវិមានក្រឹមឡាំងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៀតផង។
ប៉ុន្តែការវាយប្រហារចូលកាន់តែជ្រៅរបស់អ៊ុយក្រែន ក្នុងខែនេះ ដែលផ្តោតលើទីក្រុងមូស្គូ St Petersburg និងតំបន់គ្រីមៀ (Crimea) ក៏ដូចជាអ្វីដែលរុស្ស៊ីបាននិយាយថា ជាការវាយប្រហារដ៏សាហាវ ២លើក លើរថយន្តក្រុងដឹកអ្នកដំណើរ បានធ្វើឱ្យការទាមទារទាំងនោះកាន់តែខ្លាំងក្លាឡើងៗជាងមុន។
អ្នកវិភាគលើកឡើងថា វោហាសាស្ត្រកាន់តែខ្លាំងឡើងៗនេះ ឆ្លុះបញ្ចាំងពីភាពមិនស្រួលកាន់តែខ្លាំងឡើងលើវិសាលភាព និងផលប៉ះពាល់នៃការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន និងការជជែកវែកញែកកាន់តែទូលំទូលាយ អំពីរបៀបដែលរុស្ស៊ី អាចការពារខ្លួន ខណៈពេលដែលនៅតែបន្តគោលបំណងសង្គ្រាម នៅក្នុងជម្លោះដែលខ្លួនបានចាប់ផ្តើមកាលពីឆ្នាំ២០២២៕