សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) នៅថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) នេះ បានបើកការអំពាវនាវបន្ទាន់មួយ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងសង្គ្រោះ នៅវ៉េណេស៊ុយអេឡា បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំងក្លា ២លើកបន្តគ្នា បានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសនេះ។
ការអំពាវនាវនេះមានគោលបំណងរៃអង្គាសប្រាក់ចំនួន ៥០លានហ្វ្រង់ស្វីស (៦១,៨លានដុល្លារ) ដើម្បីជួយមនុស្ស ៣០០.០០០នាក់ ដោយកិច្ចប្រឹងប្រែងសង្គ្រោះដំបូងផ្តោតលើតំបន់ដែលរងគ្រោះខ្លាំងបំផុតនៃរដ្ឋ La Guaira និងតំបន់ Greater Caracas។
យោងតាមអាជ្ញាធរវ៉េណេស៊ុយអេឡា យ៉ាងហោចណាស់មនុស្ស ២៣៥នាក់ បានបាត់បង់ជីវិត ហើយ ៤.៣០០នាក់បានរងរបួស បន្ទាប់ពីមានរញ្ជួយដីកាលពីថ្ងៃពុធ។
លោក Jagan Chapagain អគ្គលេខាធិការ IFRC បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រញ្ជួយដីទាំងនេះ បានផ្ដល់ការបំផ្លិចបំផ្លាញយ៉ាងធំធេងដល់ប្រជាជនវេណេស៊ុយអេឡា។ ជីវិតរាប់ម៉ឺននាក់បានផ្លាស់ប្តូរជារៀងរហូត»។
កាកបាទក្រហមវ៉េណេស៊ុយអេឡា បាននិងកំពុងអនុវត្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ជំនួយដំបូង ការគាំទ្រផ្លូវចិត្ត សេវាបង្រួបបង្រួមគ្រួសារ និងការវាយតម្លៃពីការខូចខាត ចាប់តាំងពីការរញ្ជួយដីបានកើតឡើង ទោះបីជាអ្នកស្ម័គ្រចិត្តជាច្រើនរបស់ខ្លួនរងផលប៉ះពាល់ក៏ដោយ។
លោក Chapagain បានបន្តថា៖ «ក្រុម IFRC និងកាកបាទក្រហមវ៉េណេស៊ុយអេឡាបានឆ្លើយតបភ្លាមៗ។ តម្លៃនៃការមានក្រុមក្នុងស្រុកជាអចិន្ត្រៃយ៍ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់លាស់រួចទៅហើយ»។ ដោយបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យគាំទ្រការអំពាវនាវនេះ លោកបាននិយាយថា៖ «គ្រោះមហន្តរាយទ្រង់ទ្រាយធំបែបនេះ មិនអាចពឹងលើក្រុមក្នុងស្រុកតែឯងបានទេ»៕