នៅពេលសួរពីសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិកលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN)លោក Stephane Dujarric និយាយថា អគ្គលេខាធិការ UN លោក Antonio Guterres មានជំនឿថា សមាជិករដ្ឋទាំងអស់ ត្រូវការប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាជនភៀសខ្លួន ហើយជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ត្រូវការសេចក្តីថ្លៃថ្នូរបំផុត និងការគោរពសិទ្ធិមនុស្ស ។
តុលាការកំពូលសហរដ្ឋអាមេរិក បានត្រួសត្រាយផ្លូវសម្រាប់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដើម្បីដកឋានៈមនុស្សធម៌របស់ជនអន្តោប្រវេសន៍ហៃទី និងស៊ីរីរាប់ពាន់រាប់ម៉ឺននាក់ ដែលបានការពារពួកគេពីការនិរទេស ដែលជាការផ្តល់ការជំរុញមួយផ្សេងទៀតដល់វិធីសាស្រ្តដ៏រឹងរូសរបស់ប្រធានាធិបតីរូបនេះ ចំពោះការធ្វើអន្តោប្រវេសន៍ ។
ក្នុងសេចក្តីសម្រេច ៦ ទល់នឹង ៣សំឡេងរបស់តុលាការ ដឹកនាំដោយចៅក្រមអភិរក្សនិយម បានបដិសេធសេចក្តីសម្រេចរបស់ចៅក្រមសហព័ន្ធនៅទីក្រុងញូវយ៉ក និងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលបានបញ្ឈប់សកម្មភាពរបស់រដ្ឋបាលអាមេរិក ជាមួយនឹងការបញ្ចប់ឋានៈការពារបណ្តោះអាសន្នសម្រាប់មនុស្សជាង ៣៥ម៉ឺននាក់មកពីប្រទេសហៃទី និង ៦.១០០នាក់មកពីប្រទេសស៊ីរី ។
ចៅក្រម ៣រូបរបស់តុលាការបានជំទាស់ ហើយបច្ចុប្បន្នក្រសួងការបរទេសអាមេរិក បានព្រមានប្រឆាំងការធ្វើដំណើរទៅកាន់ប្រទេសហៃទី ឬស៊ីរី ដោយលើកឡើងពីអំពើហិង្សា ឧក្រិដ្ឋកម្ម ភេរវកម្ម និងការចាប់ជំរិត ៕

