រញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៦,៥រ៉ិចទ័រ បានវាយប្រហារម្ដុំកោះ Mindanao នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន នាថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) នេះ។
ហើយបើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា ការរញ្ជួយនេះបានកើតឡើងនៅជិតតំបន់ Sarangani ខេត្ត Davao Occidental ក្នុងជម្រៅ ៥២,៤គីឡូម៉ែត្រ នៅម៉ោង ៧:៣៤យប់ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១១:៣៤ ម៉ោងសកល)។ មិនមានរបាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនោះឡើយ។
កាលពីថ្ងៃទី៨ ខែមិថុនា រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រខេត្ត Sarangani របស់កោះ Mindanao ដែលបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ នៅក្នុងតំបន់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ គ្រោះរញ្ជួយដីនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨នាក់ និងប៉ះពាល់ដល់មនុស្សប្រហែល ១,៥លាននាក់។
ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយមានមហន្តរាយបំផុត នៅលើពិភពលោក ដោយសារតែទីតាំងរបស់ប្រទេសនេះស្ថិតតាមបណ្តោយកងភ្លើងប៉ាស៊ីហ្វិក ជាតំបន់ដែលត្រូវបានគេស្គាល់ថា មានរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់៕