នៅថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) នេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ការឆ្លងកាត់ដោយសុវត្ថិភាពតាមច្រកសមុទ្រ Hormuz មិនអាចធានាបានឡើយ ក្រោម «ការរៀបចំមិនច្បាស់លាស់» ឬផ្លូវស្របគ្នាផ្សែងដែលត្រូវបានរៀបចំឡើងដោយមិនមានការពិចារណារបស់ទីក្រុងតេអេរ៉ង់ ក្នុងនាមជារដ្ឋឆ្នេរសមុទ្រ។
លោក Gharibabadi បានសរសេរនៅលើបណ្ដាញសង្គម X ថា ក្របខ័ណ្ឌដែលអាចទុកចិត្តបានណាមួយ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រនេះ ត្រូវតែផ្អែកលើការសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់ និងស្របតាមមាត្រា ៥ នៃអនុស្សរណៈយោគយល់គ្នាអ៊ីស្លាម៉ាបាដ (Islamabad MOU) ជាមួយសហរដ្ឋអាមេរិក ។
ជាមួយគ្នានេះ លោកបានព្រមានថា ការខកខានមិនបានបំពេញលក្ខខណ្ឌទាំងនេះ នឹងបណ្តាលឲ្យមានការផ្អាកផ្លូវស្របគ្នាផ្សេងដែលត្រូវបានកំណត់ឡើងណាមួយ។ មុននេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ច្រកសមុទ្រនេះស្ថិតនៅក្នុងដែនទឹករបស់អ៊ីរ៉ង់ និងអូម៉ង់ ហើយការគ្រប់គ្រងការដឹកជញ្ជូននឹងត្រូវបានគ្រប់គ្រងដោយមាត្រា ៥ នៃអនុស្សរណៈយោគយល់គ្នា។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ក្រសួងនេះត្រូវបានចេញផ្សាយ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក-GCC (ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ) ដែលបានអំពាវនាវឱ្យបើកច្រកសមុទ្រនេះឡើងវិញ និងបានសង្កត់ធ្ងន់លើ «ការធ្វើនាវាចរណ៍ដោយសេរី គ្មានលក្ខខណ្ឌ និងគ្មានការរឹតបន្តឹង» ខណៈពេលដែលបដិសេធការបង់ថ្លៃវា ឬការប៉ុនប៉ងគ្រប់គ្រង៕


