យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងដល់ជាង ៩០០ នាក់ និង ៣.៣៦០នាក់ផ្សេងទៀតបានរងរបួស ខណៈក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នករស់រានមានជីវិត ហើយក្រុមគ្រួសារជាច្រើនកំពុងរង់ចាំព័ត៌មានយ៉ាងអន្ទះសារ ដោយភាពសង្ឃឹម។
អ្នករងរបួសកំពុងត្រូវបានព្យាបាលនៅក្នុងមណ្ឌលសុខភាពបណ្តោះអាសន្នជាច្រើនកន្លែង បន្ទាប់ពីអគាររាប់សិបខ្នងនៅភាគខាងជើងប្រទេសត្រូវបានបំផ្លាញដោយរញ្ជួយដីចំនួនពីរលើក រួមមានទាំងនៅក្នុងរដ្ឋធានីការ៉ាកាស។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយថា បុគ្គលិកជួយសង្គ្រោះអន្តរជាតិរាប់រយនាក់បានទៅដល់ប្រទេសនេះ ហើយនឹងមានក្រុមផ្សេងទៀតកំពុងធ្វើដំណើរទៅ។
ការរញ្ជួយដីដ៏ខ្លាំងក្លាចំនួនពីរលើកបានធ្វើឲ្យរញ្ជួយប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃពុធ ហើយការរញ្ជួយដីលើកទីពីរគឺជាការរញ្ជួយដីខ្លាំងបំផុតមួយដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡាក្នុងរយៈពេលមួយសតវត្សរ៍កន្លងទៅនេះ ក្នុងកម្រិត ៧.៥ រ៉ិចទ័រ។
មន្ត្រីបាននិយាយតំបន់ La Guaira ជាតំបន់មួយនៅភាគខាងជើងរដ្ឋធានី បានរងផលប៉ះពាល់ខ្លាំងបំផុត។
មនុស្សជាច្រើនកំពុងបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។ លោក Jorge Rodriguez ប្រធានរដ្ឋសភា បាននិយាយនៅក្នុងការផ្សាយតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៩២០នាក់ ហើយយ៉ាងហោចណាស់មនុស្ស១៧២នាក់នៅតែត្រូវបានគេជឿថាជាប់ខ្លួនក្នុងគំនរបាក់បែក។

