សហរដ្ឋអាមេរិក បានវាយប្រហារលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនលើនាវាដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រ Hormuz ជាការបង្កហេតុ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថាបានរំលោភលើបទឈប់បាញ់។ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា យោធាបានវាយប្រហារទីតាំងមីស៊ីល និងយានដ្រូន និងទីតាំងរ៉ាដានៅឆ្នេរសមុទ្រក្នុងប្រទេសអ៊ីរ៉ង់។
ការវាយប្រហារទាំងនេះ កើតឡើងភ្លាមៗបន្ទាប់ពីលោក Trump បានប្រាប់អ្នកសារព័ត៌មានថា «អ្នកនឹងដឹង» ថាតើសហរដ្ឋអាមេរិកនឹងឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូននេះដូចម្តេច។ លោក Trump បាននិយាយនៅសេតវិមានភ្លាមៗមុនពេលសហរដ្ឋអាមេរិកវាយប្រហារតបវិញ ថា «ខ្ញុំមិនពេញចិត្ត ដែលថាពួកគេបានវាយប្រហារកាលពីម្សិលមិញ»។ នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាមានការវាយប្រហារខណៈលោក Trump បានទទូចថា ការចរចាជាមួយទីក្រុងតេអេរ៉ង់កំពុងដំណើរការទៅដោយរលូន លោកបាននិយាយអំពីអ៊ីរ៉ង់ថា «ពួកគេមានការខ្វែងគំនិតគ្នាបន្តិចបន្តួច»។ យោធាអង់គ្លេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាដឹកទូរទំនិញមួយគ្រឿបានរងការវាយប្រហារនៅក្បែរឆ្នេរសមុទ្រប្រទេសអូម៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់ បានគំរាមនាវានោះឱ្យឈប់ប្រើប្រាស់ច្រកសមុទ្រនេះ។ មជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស បាននិយាយថា ពុំមានអ្នករងរបួសត្រូវបានរាយការណ៍ទេ។ ការវិវឌ្ឍនេះបានកើតឡើងក្នុងអំឡុងពេលដ៏ផុយស្រួយសម្រាប់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈប្រទេសទាំងពីរកំពុងចរចាបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។
ការវាយប្រហារលើនាវាដឹកទំនិញ បានកើតឡើងក្នុងពេលទីភ្នាក់ងារសមុទ្ររបស់អង្គការសហប្រជាជាតិកំពុងចាប់ផ្តើមប្រតិបត្តិការដើម្បីជម្លៀសនាវាដែលជាប់គាំងចេញពីច្រកសមុទ្រនៅសប្តាហ៍នេះ ដោយប្រើប្រាស់ផ្លូវជំនួសមួយ។

