នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនាថា កងកម្លាំងអ៊ីស្រាអែលនឹងនៅតែស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែនឹងប្រគល់ទឹកដីដែលកាន់កាប់មួយចំនួនជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយប្រទេសលីបង់។ អ៊ីស្រាអែល និងលីបង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ បន្ទាប់ពីការចរចាជាច្រើនថ្ងៃដើម្បីធានាបានការបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូថា អ៊ីស្រាអែលនឹងនៅតែស្ថិតនៅក្នុង «តំបន់សន្តិសុខ» នៅភាគខាងត្បូងប្រទេសលីបង់ ដរាបណាក្រុមហេសបូឡាមិនរំសាយអាវុធ។ លោកបាននិយាយបន្ថែមថា កងកម្លាំងអ៊ីស្រាអែលក៏នឹងប្រគល់ទឹកដីមួយចំនួនដែលពួកគេបានកាន់កាប់នៅភាគខាងត្បូងប្រទេសលីបង់ទៅឱ្យយោធាលីបង់។
មុនពេលការចរចាដែលបានបន្តនៅសប្តាហ៍នេះ អ៊ីស្រាអែល និងក្រុមហេបូឡា បានព្រមព្រៀងបញ្ឈប់ការបាញ់ផ្លោង ទោះបីជាអ៊ីស្រាអែលនៅរក្សាកងទ័ពនៅភាគខាងត្បូងប្រទេសលីបង់ដែលបានចូលកាន់កាប់ក៏ដោយ ជាដែនដីដែលខ្លួនបានចាត់ទុកថាជា «តំបន់ទ្រនាប់» ក្នុងគោលបំណងទប់ស្កាត់ការវាយប្រហាររបស់ក្រុមហេបូឡាទៅលើភាគខាងជើងប្រទេសអ៊ីស្រាអែល។

