អាជ្ញាធរប្រទេសរុស្ស៊ី និងអ៊ុយក្រែន បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ៣២០ នាក់ កាលពីថ្ងៃសុក្រ ជាការដោះដូរចុងក្រោយរវាងភាគីទាំងពីរ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិកយោធារុស្ស៊ីចំនួន ១៦០ នាក់ ត្រូវបានបញ្ជូនត្រឡប់មកពីទឹកដីគ្រប់គ្រងដោយទីក្រុងគីវ ខណៈឈ្លើយសឹកសង្គ្រាមអ៊ុយក្រែនចំនួន ១៦០ នាក់ត្រូវបានប្រគល់ទៅវិញ។
យោងតាមក្រសួងបានឲ្យដឹងថា សមាជិកយោធារុស្ស៊ីដែលបានវិលត្រឡប់ទៅប្រទេសវិញ កំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្ត្រនិងផ្លូវចិត្តនៅប្រទេសបេឡារុស មុនពេលត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីសម្រាប់ការព្យាបាល និងស្តារនីតិសម្បទាបន្ថែមទៀត។
ក្រសួងក៏បាននិយាយផងដែរថា ប្រទេសអារ៉ាប់រួម បានផ្តល់ការសម្របសម្រួលមនុស្សធម៌ដែលជួយសម្រួលដល់ការដោះដូរនេះ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ជនជាតិអ៊ុយក្រែនដែលបានវិលត្រឡប់ទៅប្រទេសវិញត្រូវបានឃុំខ្លួនតាំងពីឆ្នាំ ២០២២។
លោក Zelenskyy បាននិយាយ អ្នកទាំងឡាយដែលត្រូវបានដោះលែងរួមមានសមាជិកនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន សេវាដឹកជញ្ជូនពិសេសរដ្ឋ ឆ្មាំជាតិ និងសេវាឆ្មាំព្រំដែនរដ្ឋ។ ការដោះដូរកាលពីថ្ងៃសុក្រ បានបង្ហាញពីការដោះដូរឈ្លើយសឹកលើកទី ៧៦ រវាងអ៊ុយក្រែន និងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២ នៅពេលដែលជម្លោះរវាងប្រទេសទាំងពីរ បានផ្ទុះឡើង។

