សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងសាទរចំពោះយុទ្ធនាការជោគជ័យ នៃការបង្ក្រាបឧក្រិដ្ឋកម្ម Online Scams ក្នុងរយៈពេលចុងក្រោយនេះ ដែលបានស្ដារមុខមាត់កម្ពុជាបន្តិចវិញលើឆាកអន្តរជាតិ។
ក្នុងពិធីសំណេះសំណាល និងពិសាភោជនា ហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការចុះផ្សាយលើសារព័ត៌មានអន្តរជាតិជាច្រើន រួមទាំងប្រទេសនានាផង បានងាកមកទទួលស្គាល់អំពីការខិតខំរបស់កម្ពុជាកម្ទេចសម្បុក Online Scams ក្នុងរយៈពេលចុងក្រោយនេះបានល្អ។
ក្នុងរយៈពេលប៉ុន្មានខែមកនេះ យុទ្ធនាការរបស់យើងដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានកែប្រែព័ត៌មាននៅលើឆាកអន្តរជាតិ ដែលកាលពីប្រមាណ៥ខែមុន បានចោទថាកម្ពុជាជាទីប្រមូលផ្ដុំដ៏សុខសាន្តនៃបទល្មើស Online Scams មកជាការទទួលស្គាល់ថាកម្ពុជាបានកម្ទេចបទល្មើសនេះ ដែលបានធ្វើឱ្យក្រុមឧក្រិដ្ឋជនរត់ទៅជ្រកនៅប្រទេសផ្សេងវិញ ហើយប្រទេសផ្សេងៗចាប់ផ្ដើមទទួលស្គាល់ថាគេមានដែរ។ នេះគឺជាជោគជ័យ ដែលកាលពី៥ខែមុន កម្ពុជាត្រូវបានគេដាក់ឱ្យទទួលបន្ទុកតែម្នាក់ឯងប៉ុណ្ណោះ។ បើយើងមិនលាងខ្លួនឯង មិនចាត់វិធនាការខ្លាំងទេ តើយើងអាចស្ដារកេរ្តិ៍ឈ្មោះបានទេមកដល់ពេលនេះ ម្ល៉េះគេនៅតែចោទកម្ពុជាថាជាជង្រុក ដូច្នេះយើងត្រូវតែងើបធ្វើការដើម្បីស្ដារមុខមាត់យើងឡើងវិញ។ កិច្ចការងារនេះ ទោះទទួលបានផលហើយក្ដី ក៏មិនទាន់ឈប់ទេ ត្រូវបន្តបោសសម្អាត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាត់ទុកបញ្ហា Online Scams គឺជាសង្គ្រាមការពារកេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្ដរជាតិ ដើម្បីបំបាត់ភាពមន្ទិលរបស់បរទេសមើលឃើញកេរ្ដិ៍ឈ្មោះមិនល្អរបស់កម្ពុជា ដែលបានចោទសួរអំពីសុវត្ថិភាព ឬការចាប់ជំរិត នៅកម្ពុជា ដែលនេះជាអ្វីដែលត្រូវរួមគ្នាស្ដារកេរ្ដិ៍ឈ្មោះកម្ពុជាឡើងវិញ នៅលើឆាកអន្ដរជាតិ៕
អត្ថបទ៖ វ៉ាន់




