ប៉ាគីស្ថាន និងអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង នៅក្នុងតំបន់ ក្នុងអំឡុងពេលមានការសន្ទនាតាមទូរស័ព្ទ រវាងអ្នកការទូតជាន់ខ្ពស់នៃប្រទេសទាំង២ បន្ទាប់ពីមានការវាយប្រហារថ្មី ខណៈដែលកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្តប្រព្រឹត្តទៅ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថាន បានឲ្យដឹងថា អំឡុងពេលជជែកជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប៉ាគីស្ថាន ក្នុងការដើរតួនាទីស្ថាបនា ដើម្បីជំរុញសន្តិភាពក្នុងតំបន់ និងអន្តរជាតិ។

ចំណែកលោក Araghchi បានសម្តែងការកោតសរសើរដល់ការគាំទ្រជាបន្តបន្ទាប់របស់ប៉ាគីស្ថាន ចំពោះដំណើរការសន្តិភាព។ លោកក៏បានថ្លែងអំណរគុណដល់ទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់ការសម្របសម្រួលដល់ការវិលត្រឡប់របស់សមាជិកនាវិក និងអ្នកនេសាទអ៊ីរ៉ង់ ទៅកាន់ប្រទេសអ៊ីរ៉ង់វិញ ប្រកបដោយសុវត្ថិភាព និងរលូន។ ហើយភាគីទាំង២ បានព្រមព្រៀងគ្នារក្សាទំនាក់ទំនងជិតស្និទ្ធ ខណៈដែលប្រទេសទាំង២ បន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។
គួរបញ្ជាក់ថា ការជជែកតាមទូរស័ព្ទនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងមីស៊ីល យានដ្រូន និងរ៉ាដារបស់អ៊ីរ៉ង់ បន្ទាប់ពីចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា ជាអ្នកនៅពីក្រោយការវាយប្រហារលើនាវាពាណិជ្ជកម្ម ១គ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ ក្រោយមក កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់ថា កងកម្លាំងជើងទឹករបស់ខ្លួន បានកំណត់គោលដៅទីតាំងយោធាអាមេរិក នៅទូទាំងតំបន់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក នៅភាគខាងត្បូងប្រទេស ហើយបានសន្យាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើស្ថានភាពនេះនៅតែបន្តមាន៕

