កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង ជាវិធានការប្រុងប្រយ័ត្ន បន្ទាប់ពីយន្តហោះយោធាចិន និងរុស្ស៊ីជាង ១០គ្រឿង បានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន នៅថ្ងៃសៅរ៍ (ទី២៧ ខែមិថុនា ឆ្នាំ២០២៦) នេះ។
នាយសេនាធិការចម្រុះ នៅទីក្រុងសេអ៊ូល បានបញ្ជាក់ថា យន្តហោះចិន និងរុស្ស៊ី បានចូល ហើយបន្ទាប់មកបានចាកចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) នៅលើសមុទ្រខាងកើត និងសមុទ្រខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា៖ «យោធាកូរ៉េខាងត្បូងបានរកឃើញយន្តហោះចិន និងរុស្ស៊ី មុនពេលបានហោះចូលទៅក្នុងតំបន់នោះ ហើយបានដាក់ពង្រាយយន្តហោះចម្បាំងរបស់កងទ័ពអាកាស ដើម្បីត្រៀមខ្លួន សម្រាប់ហេតុការណ៍យថាហេតុណាមួយ»។
សេចក្ដីថ្លែងការបានបន្ថែមថា យន្តហោះចិន និងរុស្ស៊ី មិនបានរំលោភលើដែនអាកាសរបស់កូរ៉េខាងត្បូងទេ។ តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស មិនមែនជាដែនអាកាសអធិបតេយ្យទេ ប៉ុន្តែជាតំបន់ទ្រនាប់ដែលប្រទេសនានាកំណត់អត្តសញ្ញាណយន្តហោះដែលចូលមកកាន់តែជិត សម្រាប់គោលបំណងសន្តិសុខ។
យន្តហោះយោធា ជាទូទៅត្រូវបានគេរំពឹងថា នឹងជូនដំណឹងដល់ប្រទេសពាក់ព័ន្ធ មុនពេលចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ប្រទេសនោះ ទោះបីជាការជូនដំណឹងបែបនេះមិនត្រូវបានតម្រូវដោយច្បាប់ក៏ដោយ។ ប្រទេសចិន និងរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗឡើយ ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ៕

