កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយនៅព្រឹកថ្ងៃអាទិត្យនេះថា កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួន បានបើកចុះប្រតិបត្តិការវាយប្រហារយានដ្រូន និងមីស៊ីល ដោយមានគោលដៅលើទីតាំងយោធារបស់សហរដ្ឋអាមរិកនៅគូវ៉ែត និងបារ៉ែន ជាការឆ្លើយតបចំពោះការវាយប្រហារកាលពីពេលថ្មីៗរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានបំពានបទឈប់បាញ់ និងបង្កឲ្យបញ្ឈប់ដំណើការការទូត ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអ៊ីរ៉ង់ ពុំបានបង្ហាញទីតាំងនៃការវាយប្រហាររបស់ខ្លួននោះឡើយ ។
ក្រសួងនិយាយថា ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដ៏ព្រៃផ្សៃរបស់សហរដ្ឋអាមេរិក លើទីកន្លែងឃ្លាំមើលឆ្នេរសមុទ្ររបស់ខ្លួនដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) អ៊ីរ៉ង់បានវាយប្រហារលើគោលដៅយោធាអាមេរិកនៅគូវ៉ែត និងបារ៉ែន ។
ខណៈពេលនោះដែរ បារ៉ែន ដែលជាទីតាំងឈរជើងនៃកងនាវាទី៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានថ្កោលទោស ចំពោះអ្វីដែលខ្លួនប្រាប់ថា ជាការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់ លើទឹកដីរបស់ខ្លួន ដោយពួកគេចាត់ទុកថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ។
ទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះរបាយការណ៍របស់អ៊ីរ៉ង់ អំពីការវាយប្រហារគោលដៅអាមេរិក ជាយុទ្ធសាស្ត្រមួយដែលបានព្យាយាមធ្វើឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ចុះខ្សោយ អំឡុងជម្លោះនេះ ។
ដោយឡែក យោធាសហរដ្ឋអាមេរិកនិយាយថា ការវាយប្រហាររបស់ខ្លួន កាលពីថ្ងៃសុក្រ គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់ លើនាវាដឹកទំនិញ ១គ្រឿង នៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោក ៕
