ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកអាចនឹងបង្ខំបញ្ចប់ការងារដោយយោធា ក្រោយវាយប្រហារទីតាំងមីស៊ីលអ៊ីរ៉ង់ ។

លោកថា យោធាសហរដ្ឋអាមេរិក បានវាយប្រហារទីតាំងស្តុកមីស៊ីល និងយានដ្រូនអ៊ីរ៉ង់ ហើយនិងទីតាំងចាប់រ៉ាដាតំបន់ឆ្នេរ សម្រាប់ការបំពានកិច្ចព្រមព្រៀងឈប់បាញ់អាមេរិក-អ៊ីរ៉ង់ ។
លោកបានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Truth Social ថា អាចមានចំណុចមួយដែលពួកយើងលែងមានហេតុផល ហើយបង្ខំបញ្ចប់ការងារមួយនេះដោយយោធា ដែលពួកយើងបានចាប់ផ្តើមដោយជោគជ័យរួចទៅហើយ ។
លោកបន្តទៀតថា បើសិនជាវាកើតឡើង សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នឹងលែងមាន ។ វាពិតជាអាចកើតឡើង អ្នកនឹងមិនដឹងនោះទេ ។
សូមបញ្ជាក់ថា ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារជាថ្មី ក្រោយនាវាដឹកប្រេងដោតទង់ជាតិប៉ាណាម៉ា រងការវាយប្រហារដោយយានដ្រូនអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃសៅរ៍ ៕

