ព្យុះត្រូពិក Mekkhala និង Higos បានវាយប្រហារតំបន់ជាច្រើនរបស់ប្រទេសជប៉ុន ដោយនាំមកជាមួយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍ បង្កឲ្យកើតមានបំណាក់ដី និងបទបញ្ជាឲ្យជម្លៀសខ្លួន ។
ទូរទស្សន៍រដ្ឋ NHK រាយការណ៍ថា មនុស្ស ៣នាក់ បានរងរបួស និងមនុស្សម្នាក់ កំពុងបាត់ខ្លួន ក្រោយបំណាក់ដីបាក់សង្កត់លើផ្ទះកម្ពស់ ២ជាន់ នៅទីក្រុង Hirao ស្ថិតក្នុងខេត្ត Yamaguchi ។
ខណៈពេលនោះដែរ សារព័ត៌មាន Kyodo News បានរាយការណ៍ថា ព្យុះ Higos បានបោកបក់ឆ្លងកាត់តំបន់ជិតទីក្រុងតូក្យូមុនពេលថមថយកម្លាំងទៅវិញ ខណៈដែលព្យុះ Mekkhala បោកបក់ឆ្ពោះទៅកាន់តំបន់ភាគឦសាន តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក ។
ទីភ្នាក់ងារនេះព្យាករពីកម្រិតទឹកភ្លៀងរហូតដល់ ២៥០មីលីម៉ែត្រ នៅក្នុងតំបន់ Tokai និង ២០០មីលីម៉ែត្រ នៅក្នុងតំបន់ Kanto-Koshin រួមទាំងទីក្រុងតូក្យូផងដែរ ។
មនុស្សជាង ២លាននាក់នៅទូទាំងខេត្តចំនួន ១៣ នៅភាគខាងលិចជប៉ុន ត្រូវបានដាក់ឲ្យស្ថិតក្រោមបញ្ជាជម្លៀស ខណៈដែលអាជ្ញាធរបានព្រមានអំពីស្ថានភាពកាន់តែអាក្រក់ខ្លាំង ។
ដោយឡែក នៅកោះតៃវ៉ាន់ ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីចំហាយព្យុះនេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់ និងបង្កឲ្យមានទឹកជំនន់គ្រប់ទីកន្លែងនៅលើកោះមួយនេះ ៕


