នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយកាលពីថ្ងៃសៅរ៍ថា ទាំងសហរដ្ឋអាមេរិក និងលីបង់ ទទួលស្គាល់តំបន់សន្តិសុខនៅលីបង់ ក្រោមកិច្ចព្រមព្រៀងបង្កើតឡើងកាលពីរយៈពេល ១ថ្ងៃមុន ។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Netanyahu បង្ហាញផែនទីតំបន់សាកល្បង ២កន្លែងដែលអ៊ីស្រាអែលបានយល់ព្រមប្រគល់ឲ្យកងទ័ពលីបង់ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ។
តំបន់មួយ ស្ថិតនៅក្រៅទាំងស្រុងតំបន់ដែលទាហានអ៊ីស្រាអែលកាន់កាប់ ខណៈតំបន់មួយទៀត ស្ថិតនៅជ្រោយតំបន់កាន់កាប់ដែលអ៊ីស្រាអែលបានប្រកាសកាលពីសប្តាហ៍មុន ។
លក្ខខណ្ឌដែលបានព្រមព្រៀងកាលពីថ្ងៃសុក្រ នឹងផ្តល់ឲ្យអ៊ីស្រាអែលដកទ័ពតាមដំណាក់កាលចេញពីតំបន់មួយចំនួននៅភាគខាងត្បូងលីបង់ ជាមួយនឹងការដាក់ពង្រាយកងទ័ពលីបង់ ។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំក្រុមហេសបូឡាលោក Naim Qassem និយាយថា កិច្ចព្រមព្រៀងគោលរវាងអ៊ីស្រាអែល និងលីបង់ ដែលបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន គឺ “ទទេរស្អាត គួរឲ្យអាម៉ាស់ និងជាការលះបង់អធិបតេយ្យភាព” ហើយគួរតែជំនួសវិញដោយអនុស្សរណៈយោគយល់អ៊ីរ៉ង់-សហរដ្ឋអាមេរិក ។
លោក Qassem និយាយបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចង់តភ្ជាប់ការដកទាហានអ៊ីស្រាអែលចេញពីតំបន់ភាគខាងត្បូងលីបង់ ទៅនឹងការរំសាយអាវុធក្រុមរបស់លោកថា បានឆ្លងបន្ទាត់ក្រហម ។
សូមបញ្ជាក់ថា អ៊ីស្រាអែល និងលីបង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោលមួយកាលពីថ្ងៃសុក្រនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលជាច្រើនថ្ងៃ បើទោះបីជាភាគីទាំង ២ ចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាជំហានដំបូងក៏ដោយ ៕
