មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃអាទិត្យ ២៨ មិថុនា ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានយល់ព្រមបញ្ឈប់អរិភាពថ្មីៗនៅក្នុងឈូងសមុទ្រ និងបន្តការចរចាទាក់ទងនឹងជម្លោះរបស់ពួកគេលើច្រកសមុទ្រហ័រមូស ដែលបង្កើនក្តីសង្ឃឹមក្នុងការសង្គ្រោះកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នដែលស្ថិតនៅក្រោមសម្ពាធពីការវាយប្រហារតបតគ្នាជាច្រើនថ្ងៃ។

មន្ត្រីរូបនេះបាននិយាយថា “ការចរចាបច្ចេកទេសត្រូវបានគ្រោងនឹងបន្តលើគ្រប់វិស័យទាំងអស់នៃអនុស្សរណៈយោគយល់គ្នា។ ភាគីទាំងពីរនឹងផ្អាកសិនសម្រាប់ពេលនេះ ហើយនាវាអាចធ្វើដំណើរដោយសេរី” ដោយសំដៅទៅលើអនុស្សរណៈយោគយល់គ្នាចំនួន ១៤ ចំណុច ត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ១៧ ខែមិថុនាថ្មីៗនេះ ដែលក្រោមអនុស្សរណៈនោះ ច្រកសមុទ្រនេះនឹងត្រូវបានបើកឡើងវិញសម្រាប់ចរាចរណ៍។

សារព័ត៌មាន Axios ដែលបានរាយការណ៍ជាលើកដំបូងអំពីការបញ្ឈប់អរិភាព ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា ការចរចានឹងបន្តនៅថ្ងៃអង្គារសប្ដាហ៍នេះក្នុងប្រទេសកាតា។

ការវិលត្រឡប់ទៅរកការទូតវិញនឹងកើតឡើងបន្ទាប់ពីការវាយប្រហារ និងការវាយប្រហារតបតវិញជាច្រើនថ្ងៃចាប់តាំងពីគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់បានវាយប្រហារនាវាដឹកទំនិញដែលមានទង់ជាតិសិង្ហបុរីនៅក្នុងច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបំពានបទឈប់បាញ់បណ្តោះអាសន្នដែលត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃទី១៧ ខែមិថុនា។
អ៊ីរ៉ង់បានបាញ់មីស៊ីល និងយានដ្រូនទៅកាន់មូលដ្ឋានយោធាអាមេរិកនៅកូវ៉ែត និងបារ៉ែនកាលពីព្រឹកថ្ងៃអាទិត្យ មិនយូរប៉ុន្មានបន្ទាប់ពីប្រធានាធិបតី Donald Trump បានគំរាមកម្ទេចថ្នាក់ដឹកនាំអ៊ីរ៉ង់ ប្រសិនបើពួកគេមិនប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមរបស់ខ្លួនទេនោះ៕