យោងតាមប្រមុខអង្គការសុខភាពពិភពលោក (WHO) រលកកម្ដៅដើមរដូវក្តៅមិនធ្លាប់មានរបស់អឺរ៉ុបអាចជាមូលហេតុនៃការស្លាប់របស់មនុស្សរាប់រយនាក់។

កំណត់ត្រាសីតុណ្ហភាពត្រូវបានបំបែកនៅទូទាំងទ្វីបនេះម្តងទៀតកាលពីថ្ងៃអាទិត្យ រួមទាំងនៅប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងសាធារណរដ្ឋឆែក ខណៈកម្ដៅខ្លាំងបន្តទៅកាន់ទិសខាងកើត។
ក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ការស្លាប់លើសលប់ជាង ១.៣០០នាក់ត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃទី ២១ ខែមិថុនា ជាប់ទាក់ទងនឹងសីតុណ្ហភាពក្ដៅខ្លាំងនៅអឺរ៉ុប។

លោកបាននិយាយថា ភាពតានតឹងដោយសារកម្ដៅត្រូវបានគេហៅថា 'ឃាតករលាក់មុខ' ហើយផ្ទះ កន្លែងធ្វើការ និងសាលារៀននៅអឺរ៉ុបមិនត្រូវបានសាងសង់សម្រាប់សីតុណ្ហភាពទាំងនេះទេ។
កាលពីព្រឹកថ្ងៃអាទិត្យ ក្រសួងសុខាភិបាលជាតិបារាំងបាននិយាយថា មានអ្នកស្លាប់ប្រហែល ១.០០០នាក់ច្រើនជាងការរំពឹងទុកនៅក្នុងប្រទេសនេះចាប់តាំងពីថ្ងៃពុធ។
ទីភ្នាក់ងារនេះបាននិយាយថា អ្នកស្លាប់បន្ថែមជាច្រើនទៀតស្ថិតក្នុងចំណោមអ្នកដែលមានអាយុ ៦៥ឆ្នាំឡើងទៅ បន្ទាប់ពីកត់ត្រាការកើនឡើង ៤០% នៃចំនួនមនុស្សស្លាប់នៅតាមផ្ទះ។
លោក Tedros បានព្រមានថា ទ្វីបអឺរ៉ុបគឺជាទ្វីបដែលមានការឡើងកម្ដៅលឿនបំផុតនៅលើផែនដី ដោយឡើងកម្ដៅទ្វេដងនៃមធ្យមភាគសកល។
លោកបានបន្ថែមថា មនុស្សរាប់លាននាក់នៅទូទាំងទ្វីបនេះបច្ចុប្បន្ន កំពុងរស់នៅក្រោមកម្ដៅខ្លាំង មនុស្សរាប់រយនាក់បានស្លាប់ សាលារៀនត្រូវបានបិទ ហើយបណ្តាញអគ្គិសនីកំពុងដាច់៕

