ទ្រីយ៉ាត្លុង៖ ក្រុមជម្រើសជាតកីឡាទ្រីយ៉ាត្លុងកម្ពុជាបានទទួលការឧបត្ថម្ភសម្ភារៈ ដូចជាឯកសណ្ឋានសម្រាប់ហ្វឹកហាត់ និងការប្រកួត មុនចេញទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែឧសភាខាងមុខ។
ការទទួលជំនួយនេះ បន្ទាប់ពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានធ្វើការចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន COROS Cambodia នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីល្ងាចថ្ងៃទី២៨ ខែមេសាម្សិលមិញ ក្រោមវត្តមានលោកជំទាវ ម៉ក់ វណ្ណស៊ីថា សមាជិកសភា និងជាអនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធគូសបញ្ជាក់ថា ការចុះ MOU នេះគឺមានរយៈពេល ២ឆ្នាំដើម្បីគាំទ្រដល់ការភិវឌ្ឍវិស័យកីឡាទ្រីយ៉ាត្លុងកម្ពុជា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ផង ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម រួមទាំងការរៀបចំកម្មវិធីផ្សេងៗ និងការចូលរួមប្រកួតលើឆាកអន្ដរជាតិនានា។
តាមរយៈកិច្ចសហការនេះដែរ ក្រុមហ៊ុនបានឧបត្ថម្ភឯកសណ្ឋានថ្មី Tiri-Suits ចំនួន ១៨ឈុតដល់ក្រុមកីឡាទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជារួមជាមួយសម្ភារៈហ្វឹកហាត់ ហើយក្រុមហ៊ុនក៏បានសន្យានឹងផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីដែលដណ្ដើមបានជ័យលាភីក្នុងការប្រកួតណាមួយ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏នឹងចូលរួមផ្សព្វផ្សាយពីប្រភេទកីឡាជម្រុះមួយនេះឲ្យកាន់តែទូលំទូលាយទៀតផង៕
អត្ថបទ៖ លី ឈុនឡា