ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលស្គាល់ថាប្រទេសលោក កំពុងរងការលំបាកដោយសារកង្វះប្រេងឥន្ធនៈយ៉ាងពិតប្រាកដ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយដោយវិមានក្រឹមឡាំងកាលពីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា បន្ទាប់ពីការវាយប្រហារជាច្រើនលើករបស់អ៊ុយក្រែននៅក្នុងសង្គ្រាមរយៈពេលបួនឆ្នាំមកនេះ។

ទីក្រុងគីវ ចាត់ទុកការវាយប្រហារនេះថាជាការសងសឹកដ៏យុត្តិធម៌សម្រាប់ការបាញ់ស្រោចស្ទើរតែរាល់ថ្ងៃរបស់រុស្ស៊ីទៅលើជនស៊ីវិលអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពលចាប់តាំងពីការវាយលុកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។
លោកPutin បាននិយាយថា «ខណៈមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាទូទៅ និងជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធថាមពល ជាការពិតការវាយប្រហារទាំងនេះទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងបង្កើតបញ្ហាជាច្រើន នោះជារឿងជាក់ស្តែង»។

បច្ចុប្បន្ន យើងកំពុងសង្កេតឃើញកង្វះខាតជាក់លាក់ ប៉ុន្តែវាមិនសំខាន់នោះទេ។ លោកបាននិយាយថា ភារកិច្ចចម្បងពេលនេះគឺបង្កើនសមត្ថភាពការពារប្រឆាំងយានដ្រូន និងធានាបានការផ្គត់ផ្គង់ប្រេងឥន្ធនៈ ជាពិសេសទៅកាន់តំបន់គ្រីម៉េ។ នៅក្នុងបទសម្ភាសន៍ លោក Putin បាននិយាយថា លោករំពឹងថាក្រុមអ្នកចរចាអាមេរិកនឹងទៅកាន់ទីក្រុងមូស្គូដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នៅពេលដែលទីក្រុងវ៉ាស៊ីនតោន លែងរវល់ក្នុងជម្លោះជាមួយអ៊ីរ៉ង់ និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
