អ្នកគាំទ្របាល់ទាត់រាប់ពាន់នាក់បានឈរតម្រង់ជួរជាច្រើនម៉ោង ក្រោមអាកាសធាតុក្តៅខ្លាំងនៅទីក្រុង Miami សហរដ្ឋអាមេរិក ដើម្បីទស្សនាពានរង្វាន់បាល់ទាត់ពិភពលោក ខណៈការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បានឈានចូលដល់វគ្គចាញ់ធ្លាក់ (Knockout Stage) ៣២ ក្រុមចុងក្រោយ។

ពានរង្វាន់មាសសុទ្ធ ១៨ការ៉ាត់ ដែលរចនាដោយវិចិត្រករជនជាតិអ៊ីតាលី Silvio Gazzaniga ត្រូវបានដាក់តាំងបង្ហាញនៅអគារ Freedom Tower ក្នុងទីក្រុង Miami។ ជាធម្មតា ពានរង្វាន់នេះត្រូវបានរក្សាទុកក្រោមការការពារយ៉ាងតឹងរ៉ឹងនៅទីក្រុង Zurich ប្រទេសស្វីស ហើយកម្រត្រូវបានយកមកដាក់តាំងជាសាធារណៈ។
លោក Brandon Trujillo Rivera ដែលបានបើកបររយៈពេលប្រមាណពីរម៉ោងកន្លះពីទីក្រុង Fort Myers មកកាន់ Miami បាននិយាយថា ការបានឃើញពានរង្វាន់ពិតដោយផ្ទាល់ គឺជាឱកាសដែលកើតមានតែម្តងក្នុងជីវិត។
លោកបានបញ្ជាក់ថា៖ «យើងធ្លាប់តែឃើញការប្រកួត World Cup នៅប្រទេសផ្សេងៗ ប៉ុន្តែពេលវារៀបចំនៅលើទឹកដីរបស់យើង ហើយបានមកឃើញពានរង្វាន់ពិតបែបនេះ វាពិតជាមានតម្លៃខ្លាំង»។
ចំណែកអ្នកគាំទ្រជនជាតិពែរូ អ្នកស្រី Natalia de Riglos បានបង្ហាញអារម្មណ៍រំថា៖ «ខ្ញុំមិននឹកស្មានថា ពានរង្វាន់នេះមានទំហំធំ និងមានការរចនាលម្អិតយ៉ាងស្រស់ស្អាតបែបនេះឡើយ។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចជាកំពុងស្ថិតនៅក្នុងបរិយាកាស World Cup ពិតប្រាកដ»។
ការដាក់តាំងបង្ហាញពានរង្វាន់នេះ ធ្វើឡើងមុនការប្រកួតវគ្គ៣២ក្រុមចុងក្រោយ ដែលទីក្រុង Miami នឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ៤ ខែកក្កដា រវាងក្រុមការពារតំណែងជើងឯក អាហ្សង់ទីន និងក្រុមភ្ញាក់ផ្អើល កាបវែ។
អតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលី និងជាម្ចាស់ជើងឯក World Cup ឆ្នាំ២០០៦ លោក Marco Materazzi ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏បានកោតសរសើរដល់ការបង្ហាញទម្រង់លេងរបស់ក្រុមកាបវែរ ក្នុងការចូលរួម World Cup ជាលើកដំបូង។
Materazzi បាននិយាយថា៖ «កាបវែរ គឺជាក្រុមដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលបំផុតនៅពេលនេះ។ ខ្ញុំបានមើលការប្រកួតរបស់ពួកគេ ហើយពួកគេលេងបានយ៉ាងល្អ។ ទោះជាត្រូវជួបក្រុមជើងឯកពិភពលោកអាហ្សង់ទីនក៏ដោយ ប៉ុន្តែក្នុងរយៈពេល ៩០នាទី នៃការប្រកួតបាល់ទាត់ អ្វីៗក៏អាចកើតឡើងបាន»។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកាបវែរ បានឡើងពីវគ្គចែកពូលដោយមិនស្គាល់បរាជ័យ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ពូល ក្រោមក្រុមអេស្ប៉ាញ និងលើក្រុមអ៊ុយរូហ្គាយ៕ អត្ថបទ៖នាង សុភាវុធ





