ក្រុមជម្រើសជាតិជប៉ុន បានបញ្ចប់ការហ្វឹកហាត់ចុងក្រោយរបស់ខ្លួន ក្រោមអាកាសធាតុក្តៅខ្លាំងនៅទីក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិប្រេស៊ីល នៅវគ្គ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
ជប៉ុនកំពុងសម្លឹងរកជ័យជម្នះលើប្រេស៊ីលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រការប្រកួត World Cup។ ក្រុមទាំងពីរធ្លាប់ជួបគ្នាតែមួយលើកប៉ុណ្ណោះក្នុងព្រឹត្តិការណ៍នេះ គឺនៅ World Cup ឆ្នាំ២០០៦ នៅទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់ ដែលពេលនោះជប៉ុនចាញ់ប្រេស៊ីលក្នុងលទ្ធផល ៤-១ និងត្រូវធ្លាក់ចេញពីការប្រកួត។
ការប្រកួតនោះ លោក Zico អតីតវីរបុរសបាល់ទាត់ប្រេស៊ីល ដែលត្រូវបានចាត់ទុកថាជាបុគ្គលម្នាក់មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ជប៉ុន គឺជាគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន។
ក្រុមជម្រើសជាតិជប៉ុនបានធ្វើដំណើរមកកាន់ទ្វីបអាមេរិកខាងជើងនេះ ដោយមានគោលដៅឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ជ័យជម្នះលើក្រុមខ្លាំងៗដូចជា អាល្លឺម៉ង់ អេស្ប៉ាញ និងអង់គ្លេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើនទំនុកចិត្តថាជប៉ុន មានសមត្ថភាពប្រជែងជាមួយក្រុមកំពូលៗនៅលើពិភពលោក។
ការជួបប្រេស៊ីលនៅទីក្រុង Houston ត្រូវបានចាត់ទុកថាជាបេសកកម្មដ៏លំបាកសម្រាប់ជប៉ុន។ ក្រៅពីភាពខ្លាំងរបស់ក្រុមប្រេស៊ីល ការប្រកួតនេះក៏មានន័យពិសេសផងដែរ ដោយសារបាល់ទាត់អាជីពនៅជប៉ុនទទួលឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសប្រេស៊ីល តាំងពីការបង្កើតលីគអាជីព និងការអភិវឌ្ឍកីឡានេះ៕ អត្ថបទ៖នាង សុភាវុធ
