ស្នូកឃ័រ៖ មកដល់ពេលនេះសហព័ន្ធកីឡាទាំង ៣៣ ដែលត្រូវទៅចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ នៅប្រទេសវៀតណាមបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងនោះសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាក៏ដូចគ្នា។
លោក មួន ម៉ារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបានប្រាប់ឱ្យដឹងថា កីឡាករកម្ពុជាលើប្រភេទកីឡានេះត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតចំពោះមុខ ប៉ុន្តែលោកពិតជាមានការសោកស្តាយដែលវិញ្ញាសាការ៉ុមនារីមិនមានក្នុងការប្រកួតស៊ីហ្គេម បើមាននោះកម្ពុជាមានឱកាសច្រើនឈ្នះមេដាយដោយសារយើងមានកីឡាការិនី ស្រួង ភាវី។ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបញ្ជូនកីឡាករ ៤រូបទៅប្រកួតនៅវៀតណាមនេះគ្នុងនោះមានកីឡាករ ម៉ែន សុផានិត, សួន ឆាយ, ទូច ចំរើន និងកីឡាករ ពៅ ពិសា ក្រោមការដឹកនាំរបស់លោកអគ្គលេខាធិការ ម៉ារ៉ា សុជាតិ (ហៅមួន ម៉ារ៉ា)។ កីឡាប៊ីយ៉ា និងស្នូកឃ័រនឹងដំណើរការប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែឧសភា នៅសាលកីឡាខ័ណ្ឌហាដុង ទីក្រុងហាណូ៕
អត្ថបទ៖ គង់ ហួន