កូរ៉េខាងជើងនៅថ្ងៃចន្ទ២៩មិថុនានេះ បានថ្កោលទោសសមយុទ្ធយោធារួមគ្នាដែលកំពុងបន្តរវាងកងកម្លាំងស្វ័យការពារដីគោករបស់ជប៉ុន និងកងម៉ារីនសហរដ្ឋអាមេរិក ដោយហៅថា «ជាការហាត់សមសង្គ្រាម»។

នៅក្នុងអត្ថបទវិចារណកថាមួយដែលចុះផ្សាយនៅថ្ងៃចន្ទនេះ ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) កូរ៉េខាងជើង បានរិះគន់ជប៉ុនចំពោះការចូលរួមក្នុងសមយុទ្ធ Resolute Dragon ដោយចោទប្រកាន់ថាបានបង្កើន «សមត្ថភាពឈ្លានពាន» របស់ខ្លួន។
អត្ថបទវិចារណកថានេះបានអះអាងផងដែរថា «ជប៉ុនបានធ្វើឱ្យស្ថានការណ៍ (សន្តិសុខ) នៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ដោយការពង្រឹងទំនាក់ទំនងយោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក» ដោយសំដៅទៅលើសមយុទ្ធមានឈ្មោះថា កណ្ដាប់ដៃដែក( Iron Fist) ជាសមយុទ្ធរួមបញ្ចូលគ្នារវាងសហរដ្ឋអាមេរិក-ជប៉ុន ដែលបានធ្វើឡើងកាលពីខែកុម្ភៈ។

អត្ថបទរបស់ KCNA បានអះអាងបន្ថែមទៀតថា មីស៊ីលរយៈចម្ងាយឆ្ងាយត្រូវបានបាញ់សាកល្បងក្នុងសមត្ថភាព "ការពារជាមុន" ដែលមានបំណងវាយប្រហារប្រទេសជិតខាងក្នុងអំឡុងពេលចូលរួមលើកដំបូងរបស់ជប៉ុននៅក្នុងសមយុទ្ធពហុជាតិដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាលពីខែមេសា និងឧសភា។
កូរ៉េខាងជើង បានចោទប្រកាន់ប្រទេសជប៉ុនថាបានប្រើប្រាស់ស្ថានភាពសកល "ដ៏ច្របូកច្របល់" បច្ចុប្បន្នដើម្បី "បង្ហាញអំពីភាពត្រឹមត្រូវនៃការផ្លាស់ប្តូររបស់ខ្លួនទៅជាប្រទេសសង្គ្រាម" ហើយបានព្រមានទីក្រុងតូក្យូអំពី "ទីបញ្ចប់ដ៏សោកសៅ" ប្រសិនបើនៅតែបន្តនូវអ្វីដែលខ្លួនហៅថាអាកប្បកិរិយាយោធា "មិនប្រុងប្រយ័ត្ន"។សមយុទ្ធ Resolute Dragon ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមិថុនា នៅកោះ Okinawa និង Kyushu ជាកោះសំខាន់ៗនៅភាគនិរតីនៃប្រទេសជប៉ុន គ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារសប្ដាហ៍នេះ៕
