តម្លៃប្រេងបានកើនឡើង បន្ទាប់ពីការវាយប្រហារសងសឹកគ្នាជាច្រើនថ្ងៃដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានធ្វើឲ្យរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ជាថ្មីម្តងទៀត។

តម្លៃប្រេងឆៅ Brent បានកើនឡើង៥៨សេន ឬ០,៨ភាគរយ មានតម្លៃដល់៧២,៥៧ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក មានតម្លៃ៧០,១១ដុល្លារក្នុងមួយបារ៉ែល ដែលបានកើនឡើង៨៨សេន ឬ ១,៣ភាគរយ។

ការឡើងថ្លៃនេះ កើតឡើងបន្ទាប់ពីប្រេងឆៅ Brent បានធ្លាក់ចុះ១០,៦ភាគរយកាលពីសប្តាហ៍មុន ជាការធ្លាក់ចុះប្រចាំសប្តាហ៍លើកទីបីរបស់ខ្លួន បន្ទាប់ពីការដឹកជញ្ជូនប្រេងឆៅឆ្លងកាត់ច្រកសមុទ្របានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើមនៅចុងខែកុម្ភៈ។
កាលពីយប់ថ្ងៃអាទិត្យម៉ោងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី មន្ត្រីអាមេរិកម្នាក់បានប្រាប់គេហទំព័រព័ត៌មាន Axios ថា ការចរចាបច្ចេកទេសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងបន្តឡើងវិញនៅថ្ងៃអង្គារ ក្នុងទីក្រុងដូហា ប្រទេសកាតា។
វាកើតឡើងបន្ទាប់ពីការវាយប្រហារយោធាសងសឹកគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅជុំវិញច្រកសមុទ្រ Hormuz ដែលភាគច្រើនដោយសារតែជម្លោះអំពីរបៀបដែលនាវាពាណិជ្ជកម្ម អាចឆ្លងកាត់ផ្លូវទឹកនេះ។