អង្គភាពសេវាព័ត៌មានរដ្ឋរបស់រុស្ស៊ីបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងពេលមានរបាយការណ៍ថា ទីក្រុងមូស្គូ កំពុងដាក់សម្ពាធលើប្រទេសបេឡារុស ឱ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឈ្លានពាននៅអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ថា លោកPutin បានស្វាគមន៍សមភាគីបេឡារុសទៅកាន់លំនៅឋានផ្លូវការរបស់លោកនៅតំបន់ភាគពាយ័ព្យទីក្រុង Novgorod។ កាសែត The Wall Street Journal កាលពីថ្ងៃអង្គារ សប្តាហ៍មុន បានដកស្រង់សម្តីមន្ត្រីរុស្ស៊ី និងអឺរ៉ុប ដែលបាននិយាយថា ទីក្រុងមូស្គូ កំពុងដាក់សម្ពាធលើប្រទេសបេឡារុស ដោយសង្ឃឹមថានឹងប្រើប្រាស់ប្រទេសនេះដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនប្រឆាំងអ៊ុយក្រែន។

វិមានក្រឹមឡាំងបានច្រានចោលរបាយការណ៍នេះ។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីពេលថ្មីៗនេះបានបង្ហាញការព្រួយបារម្ភអំពីប្រទេសបេឡារុស។ លោក Zelenskyy បានសរសេរនៅលើបណ្តាញសង្គមថា តាមបណ្តោយព្រំដែនបេឡារុសជាមួយប្រទេសលោក ការសាងសង់មូលដ្ឋានស្តុកសម្រាប់គ្រាប់រំសេវ ប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីនជិតរួចរាល់ហើយ។ លោកបាននិយាយថា ទីតាំងទាំងនេះគ្មានគោលបំណងអ្វីក្រៅពីគោលបំណងយោធានោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស បានរាយការណ៍ថា លោក Lukashenko បាននិយាយថា ប្រទេសបេឡារុស នឹងឈររួមគ្នាជាមួយប្រទេសរុស្ស៊ី ប៉ុន្តែបាននិយាយបន្ថែមថា ខ្លួនមិនចង់ប្រយុទ្ធជាមួយអ៊ុយក្រែនទេ។