ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំពិធីប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លងដើម្បីតម្កល់នៅរាជធានី-ខេត្ត ទាំង២៥ ទុកជាមង្គលវត្ថុ សម្រាប់ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលរាជធានី ខេត្ត ទទួលបានស្តម្ភរដ្ឋធម្មនុញ្ញចម្លង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់អភិបាល អភិបាលរងរាជធានី ខេត្ត។
ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ស្តម្ភរដ្ឋធម្មនុញ្ញចម្លង គឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដែលនឹងបានជាជំនួយដល់ស្មារតីមន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ព្រមទាំងក្លាយជាមរតកបេតិកភណ្ឌផ្តល់ប្រយោជន៍ដល់ការសិក្សាខាងប្រវត្តិនីតិសាស្ត្រ និងសិល្បៈវប្បធម៌ប្រពៃណី។ សរុបសេចក្តីមក ការកសាង នីតិបូជនីយដ្ឋាន ពោលគឺ វិមានរដ្ឋធម្មនុញ្ញ ការបង្កើត នីតិគារវប្បវេណី ពោលគឺពិធីគោរពរដ្ឋធម្មនុញ្ញ និងការកសាងមង្គលវត្ថុ ពោលគឺ ស្តម្ភរដ្ឋធម្មនុញ្ញចម្លង តម្កល់នៅរាជធានី-ខេត្ត ទាំងអស់នេះពិតណាស់គឺជាការស្តែងឱ្យឃើញនូវការគោរពលើកតម្កើង ស្នាដៃរបស់បុព្វបុរស និងជាមោទនភាពជាតិក្នុងការសម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់។
ឯកឧត្តមបានគូសបញ្ជាក់ថា ស្តម្ភរដ្ឋធម្មនុញ្ញចម្លង គឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដែលនឹងបានជាជំនួយដល់ស្មារតីមន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ព្រមទាំងក្លាយជាមរតកបេតិកភណ្ឌផ្តល់ប្រយោជន៍ដល់ការសិក្សាខាងប្រវត្តិនីតិសាស្ត្រ និងសិល្បៈវប្បធម៌ប្រពៃណី។
ចំណែកឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងដែលបានអញ្ជើញចូលរួមក្នុងពិធីទទួលស្តម្ភរដ្ឋធម្មនុញ្ញចម្លងបានថ្លែងថា ឯកឧត្តមវាយតម្លៃខ្ពស់បំផុតអំពីការទទួលបាននៅស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដែលជាតម្លៃប្រវត្តិសាស្ត្រ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាច្បាប់កំពូលរបស់ជាតិ ហើយការដែលរដ្ឋធម្មនុញ្ញបានរៀបចំនៅស្តម្ភរដ្ឋធម្មនុញ្ញចម្លងសម្រាប់ចែកជូនតម្កល់ជាវត្ថុមង្គលសម្រាប់បណ្តារាជធានី ខេត្ត គឺពិតជាមហាអស្ចារ្យ មហាធំធេង និងជាតម្លៃប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រាជធានី ខេត្ត ទទួលបានរដ្ឋស្តម្ភរដ្ឋធម្មនុញ្ញចម្លង។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសារាចរលេខ ០១ សរ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ កំណត់យកថ្ងៃទី២៤ ខែកញ្ញា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ ដោយគ្រប់ក្រសួង ស្ថាប័នត្រូវរៀបចំគណៈប្រតិភូចូលរួមប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៅនីតិបូជនីយដ្ឋាន “វិមានរដ្ឋធម្មនុញ្ញ” ហើយដោយឡែកនៅរាជធានី និងតាមបណ្តាខេត្ត ត្រូវរៀបចំប្រារព្ធពិធីតាមទីតាំង និងលទ្ធភាពជាក់ស្តែង។
សូមជម្រាបជូនផងដែរថា ស្តម្ភរដ្ឋធម្មនុញ្ញគំរូដើម ដែលក្រុមប្រឹក្សាធម្មនុញ្ញ បានចាត់ចម្លងនេះ គឺជា គារវវត្ថុមួយ ដ៏សំខាន់នៃវិមានរដ្ឋធម្មនុញ្ញ បច្ចុប្បន្នត្រូវបានប្រតិស្ឋាននៅចំមណ្ឌលកណ្តាលនៃខេមរសន្តិមូលសាល នៃ វិមានរដ្ឋធម្មនុញ្ញ។ ស្តម្ភរដ្ឋធម្មនុញ្ញ នេះមានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង៥ជ្រុងទៀតសម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំ នៅក្នុងយុទ្ធសាស្ត្រនយោបាយ ឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ បំបែក; ឯកោ; បញ្ចប់; សមាហរណកម្ម; អភិវឌ្ឍន៍ តំណាងដោយព្យព្ជានៈខ្មែរចំនួនប្រាំតួ គឺ “ ប - ឯ - ប - ស - អ ”៕ អត្ថបទ៖ វង្ស សុភាព




