ណាតូ៖ អគ្គលេខាធិការអង្គការសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រប្រទេសអ៊ុយក្រែន ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ីរយៈពេលជាច្រើនឆ្នាំខាងមុខទៀត។

ការជួយគាំទ្រនេះរួមទាំងជួយឲ្យទីក្រុង Kyiv ផ្លាស់ប្ដូរពីការប្រើប្រាស់អាវុធសម័យអតីតសហភាពសូវៀត មកប្រើប្រាស់អាវុធលោកខាងលិច និងប្រព័ន្ធអាវុធនានាដ៏ទំនើប។ ការថ្លែងបែបនេះរបស់លោក Stoltenberg មានឡើងបន្ទាប់ពីវិមានក្រឹមឡាំងព្រមានថា ការផ្គត់ផ្គង់អាវុធរបស់លោកខាងលិចទៅកាន់ប្រទេសអ៊ុយក្រែន រួមទាំងអាវុធធុនធ្ងន់ជាដើមបានបង្កការគំរាមដល់សន្តិសុខនៃឧបទ្វីបអឺរ៉ុប និងបង្កឲ្យមានអស្ថិរភាព។
យោងតាមសារព័ត៌មាន Reuters លោក Stoltenberg បានប្រាប់កិច្ចប្រជុំកំពូលយុវជនក្នុងទីក្រុងព្រូសសែលថា យើងត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមរយៈពេលវែង។ វាពិតជាអាចទៅរួចដែលថា សង្គ្រាមនេះនឹងអូសបន្លាយរយៈពេលច្រើនខែ ច្រើនឆ្នាំទៀត។ លោក Stoltenberg បាននិយាយថា លោកខាងលិចនឹងបន្តដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីបញ្ចប់ការលុកលុយលើអ៊ុយក្រែនតាមរយៈការដាក់ទណ្ឌកម្ម និងការផ្ដល់ជំនួយយោធាដល់ទីក្រុង Kyiv៕
អត្ថបទ៖ សុខមាន