មន្ត្រីជំនាញ បានបញ្ជាក់ថា មានជនបរទេសជាច្រើនសញ្ជាតិ បានទទួលរងការអូសទាញពីសំណាក់មេខ្លោងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការងារប្រព្រឹត្តអំពើឆបោកទៅក្រៅប្រទេស ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ទោះបីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី។
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងថា បានបញ្ជាក់ថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា បាននឹងកំពុងប្រព្រឹត្តទៅដោយភាពស្វាហាប់ និងមោះមុតបំផុត ទោះបីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី។
ឯកឧត្តម បានបន្តថា កម្ពុជា គឺជាប្រទេសទី១ ដែលមានច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានប្រកាសឲ្យប្រើកាលពីដើមខែខែមេសា ឆ្នាំ២០២៦។ ច្បាប់ប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈសំខាន់បីយ៉ាង ទី១. ប្រឆាំងដាច់ខាតពួកឧក្រិដ្ឋជនដែលប្រព្រឹត្តមានចេតនាប៉ុនប៉ង ឬរបៀបចំអង្គការចាត់តាំង បណ្តុះបណ្ដាលនៅលើសកម្មភាព ដើម្បីប្រព្រឹត្តនូវអំពើឆបោក។ ទី២. ប្រឆាំងនឹងការជួញដូរមនុស្ស ការធ្វើទារុណកម្ម បង្ខាំង ជម្រិត គឺជាស្ថានទម្ងន់ដែលអាចឈានទៅដល់ការជាប់ពន្ធនាគាររហូតអស់មួយជីវិត។ ទី៣. ប្រឆាំងនឹងការសម្អាតប្រាក់ អ្នកដែលពាក់ព័ន្ធគឺត្រូវតែស៊ើបអង្កេត ទៅដល់ទ្រព្យសម្បត្តិពីមេខ្លោងរហូតដល់អ្នកពាក់ព័ន្ធ។
គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល ចំនួនជាង៤០០ទីតាំង ព្រមទាំងបានដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមនេះ សមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥ សំណុំរឿងស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ៕ អត្ថបទ៖ វង្ស សុភាព



