នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា, ឯកឧត្តម-លោកជំទាវ អគ្គលេខាធិការ និងអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន និងមន្រ្តីជាច្រើនរូប។
បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ដោយសារពេលនេះឈានចូលរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ សូមណែនាំដល់ថ្នាក់ដឹកនាំត្រូវរៀបចំផែនការសកម្មភាពការងារ និងការត្រៀមបម្រុងឲ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើឲ្យមានការចុះត្រួតពិនិត្យតាមបណ្តាកងរុករក និងសង្គ្រោះ ដែលជាកម្លាំងមានជំនាញក្នុងការចុះប្រតិបត្តិការ អន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុផងដែរ៕






