ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសារថ្មី បន្តអំពាវនាវយុវជនឋិតក្នុងវ័យសិក្សាទាំងអស់ឱ្យជៀសឲ្យឆ្ងាយពីសកម្មភាពក្មេងទំនើង បើមិនស្តាប់មានតែអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ គ្មានការអប់រំទៀតឡើយ ។
ការបន្តអំពាវនាវជាថ្មី របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើងក្រោយ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ បានស្រាវជ្រាវតាមបង្ក្រាបក្រុមក្មេងៗបានប្រព្រឹត្តិសកម្មភាពវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌឬស្សីកែវ ក្នុងពេលថ្មីៗនេះ ដោយបានបែកធ្លាយជាឃ្លីបវីដេអូ រងការរិះគន់ពីមហាជននៅលើបណ្តាញទំនាក់ទំនងសង្គម ។
តាមរយៈសំណេរផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ បានសរសេរថា ៖ ខ្ញុំសូមអំពាវនាវដល់ក្មួយៗព្រមទាំង សិស្សានុសិស្សរក្សាប្រពៃណីក្រមសីលធម៌ និងសូមអាណាព្យាបាល សូនយកចិត្តទុកដាក់ឆ្លៀតពេលណែនាំអប់រំកូនៗក្មួយៗផងកុំឱ្យពួកគាត់បំផ្លាញអនាគតរបស់ខ្លួនទាំងវ័យក្មេងបែបនេះ ( ដែលមហាជននិងសង្គមជាតិស្អប់ខ្ពើម ) ។
ទាក់ទិន នឹងបញ្ហាក្មេងទំនើងនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តនៅទូទាំងប្រទេស ក៏បាននឹងកំពុងបន្តយកចិត្តទុកដាក់ ក្នុងអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចប្រមុខថ្នាក់ដឹកនាំ សំដៅធ្វើយ៉ាងណាទប់ស្កាត់ និងបង្ក្រាបដាច់ណាត់ មិនត្រូវឲ្យសកម្មភាពក្មេងទំនើងមួយក្តាប់តូច អាចចូលមកបង្កចលាចលអុកឡុកក្នុងសង្គមជាតិ ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនោះឡើយ៕ លីហេង






