ស៊ីរីបានថ្កោលទោសចំពោះអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារថ្មីរបស់អ៊ីស្រាអែល និងការឈ្លានពានចូលទៅក្នុងទឹកដីរបស់ខ្លួន ហើយបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់ការរំលោភបំពានម្តងហើយម្តងទៀតលើអធិបតេយ្យភាពរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី (SANA) កាលពីថ្ងៃអាទិត្យ។

ក្រសួងការបរទេសស៊ីរីបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានចូលទៅក្នុងទឹកដីស៊ីរី នៅភាគខាងត្បូង ខេត្ត Quneitra និង Daraa ហើយបានបាញ់ផ្លោងលើផ្នែកខ្លះនៃតំបន់នោះ ជាសកម្មភាពដែលខ្លួនបាននិយាយថា បានបំភិតបំភ័យជនស៊ីវិល និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពស៊ីរី ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឆ្នាំ ១៩៧៤។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយសារព័ត៌មាន SANA ក្រសួងបាននិយាយថា ការវាយប្រហារជាបន្តបន្ទាប់ បំផ្លាញកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារសន្តិសុខ និងស្ថិរភាព ធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងនូវទុក្ខវេទនារបស់ជនស៊ីវិល និងគំរាមកំហែងធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងតំបន់នេះ។
ក្រសួងបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិបន្តទទួលខុសត្រូវ និងចាត់វិធានការចាំបាច់ ដើម្បីបញ្ឈប់អ្វីដែលខ្លួនបានពិពណ៌នាថា ជាការរំលោភបំពានម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល និងធានាការគោរពចំពោះកិច្ចព្រមព្រៀងឆ្នាំ ១៩៧៤ ដែលគ្រប់គ្រងខ្សែបន្ទាត់កំណត់ព្រំដែនយោធា នៅតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល៕