រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ការជ្រៀតជ្រែកពីខាងក្រៅណាមួយ ក្នុងស្ថានភាពនៅច្រកសមុទ្រហ័មូស នឹងធ្វើឲ្យភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើង ហើយនឹងមិនជួយស្តារការដឹកជញ្ជូនឡើងវិញទេ។

លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអ៊ីរ៉ាក់របស់ខ្លួន គឺលោក Fuad Hussein ថា៖«ការជ្រៀតជ្រែក ឬការប៉ុនប៉ងបង្កើតយន្តការដោះស្រាយស្របគ្នាណាមួយ នឹងធ្វើឲ្យស្ថានការណ៍កាន់តែស្មុកស្មាញ ធ្វើឲ្យភាពតានតឹងកើនឡើង និងពន្យារពេលការបន្តការធ្វើនាវាចរណ៍ឡើងវិញតាមរយៈផ្លូវទឹកដ៏សំខាន់នេះ។ ស្ថានភាពនេះត្រូវបានបញ្ជាក់ដោយឧប្បត្តិហេតុ និងការប៉ះទង្គិចគ្នាដែលបានកើតឡើង នៅក្នុងច្រកសមុទ្រហ័រមូស ក្នុងរយៈពេលពីរយប់កន្លងមកនេះ»។

យោងតាមលោក Araghchi ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស អាចត្រឡប់ទៅកម្រិតមុនជម្លោះ ក្នុងរយៈពេល ៣០ថ្ងៃ ប្រសិនបើឧបសគ្គដែលមានស្រាប់ទាំងអស់ ត្រូវបានលុបបំបាត់ទាំងស្រុង ហើយភាគីទាំងអស់គោរពយ៉ាងតឹងរ៉ឹងចំពោះអនុស្សរណៈដែលបានឈានដល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីយប់ថ្ងៃទី ២៧ ខែមិថុនាថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើអ៊ីរ៉ង់ ដោយពិពណ៌នាថា ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយគ្រឿង នៅក្នុងច្រកសមុទ្រហ័រមូស។ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារលើមូលដ្ឋានយោធាអាមេរិក ហើយភាគីទាំងពីរ បានបន្តវាយប្រហារគ្នាទៅវិញទៅមកនៅថ្ងៃអាទិត្យ។ CENTCOM បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីតាំងយោធាអ៊ីរ៉ង់ចំនួន ១០ នៅក្នុងតំបន់ច្រកសមុទ្រហ័រមូស ខណៈដែលកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារសងសឹកលើមូលដ្ឋានយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូវ៉ែត និងបារ៉ែន៕