ភាពស្ងប់ស្ងាត់បានកើតឡើងនៅភូមិ Abdeen ភាគខាងលិចតំបន់ជនបទ Deraa ប្រទេសស៊ីរី មួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានចូលទៅក្នុងតំបន់នោះ។ ប្រជាជន ដែលបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេកាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមវិលត្រឡប់ទៅវិញជាបន្តបន្ទាប់នៅពេលល្ងាច បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានដកថយទៅវិញពីភ្នំ Tal al-Maghar ជាកន្លែងដែលពួកគេបានឈរជើងរយៈពេលជាច្រើនម៉ោង។

ក្នុងអំឡុងពេលយប់ កងកម្លាំងអ៊ីស្រាអែលបានបាញ់កាំភ្លើងលើតំបន់នោះ ហើយយន្តហោះឈ្លបយកការណ៍ត្រូវបានគេឃើញហោះហើរនៅពីខាងលើ។

ក្រសួងការបរទេសស៊ីរី បាននិយាយថា មានការឈ្លានពានរបស់អ៊ីស្រាអែល និងការបាញ់ផ្លោងដោយកាំភ្លើងធំនៅតំបន់ Deraa ព្រមទាំងតំបន់ Quneitra ហើយការវាយប្រហារទាំងនេះជា «ការរំលោភបំពានធ្ងន់ធ្ងរលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។
ប្រធានប្រតិបត្តិការការពារជនស៊ីវិលនៅក្នុងអង្គភាពសង្គ្រោះបន្ទាន់ និងគ្រប់គ្រងគ្រោះមហន្តរាយនៅភាគខាងត្បូងប្រទេសស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ថា ការវាយប្រហាររបស់អ៊ីស្រាអែលមិនបានបណ្តាលឱ្យមានអ្នករងរបួស ឬខូចខាតសម្ភារៈណាមួយឡើយ។
ទោះជាយ៉ាងណា វាបានបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកភូមិ ដែលនាំឱ្យមានការជម្លៀសខ្លួនទៅកាន់ទីក្រុងក្បែរៗនោះ។ លោកបាននិយាយបន្ថែមថា ក្រុមការពារជនស៊ីវិលកំពុងធានាសុវត្ថិភាពនៅតំបន់នោះ។