អនុស្សរណៈនៃការយោគយល់ (MoU) ដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុន រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ទំនងជាស្ថិតក្នុងភាពរង្គោះរង្គើ បន្ទាប់ពីការវាយប្រហារដោយយោធា និងកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលដាក់ពង្រាយកងកម្លាំងអ៊ីស្រាអែល នៅលើទឹកដីប្រទេសលីបង់។

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) កាលពីថ្ងៃអាទិត្យ បានចេញផ្សាយវីដេអូបង្ហាញពីការបាញ់មីស៊ីលបាលីស្ទីកកាលពីពេលយប់ ។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បាននិយាយថា ខ្លួនបានបាញ់មីស៊ីល និងយានដ្រូន ចូលទៅមូលដ្ឋានកងទ័ពអាកាស Ali Al Salem របស់សហរដ្ឋអាមេរិកក្នុងប្រទេសកូវ៉ែត និងកងនាវាជើងទឹកទីប្រាំរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន ដើម្បីសងសឹកចំពោះការវាយប្រហារនៅថ្ងៃទីពីររបស់សហរដ្ឋអាមេរិក។ កងឆ្មាំ បានគំរាមវាយប្រហារបន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀង ត្រូវបានរំលោភបំពានជាថ្មីម្តងទៀតដោយសហរដ្ឋអាមេរិក រួមជាមួយអ៊ីស្រាអែល ដែលបានបើកការវាយប្រហារតាមអាកាសនៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ការបាញ់សងសឹក បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានសម្របសម្រួលការដឹកជញ្ជូនតាមនាវាចេញពីច្រកសមុទ្រ Hormuz ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអូម៉ង់ និងអង្គការសមុទ្រអន្តរជាតិ។ នាវាជាច្រើនគ្រឿងកំពុងមានទិសដៅឆ្លងកាត់ដែនទឹករបស់ប្រទេសអូម៉ង់ ដែលជំរុញឱ្យកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាម វាយប្រហារនាវាដឹកទូរទំនិញមួយគ្រឿង និងនាវាដឹកប្រេងមួយគ្រឿង ដោយប្រើប្រាស់យានដ្រូនផ្ទុកគ្រឿងផ្ទុះ ក្នុងបំណងបង្ខំឱ្យចរាចរណ៍ឆ្លងកាត់ដែនទឹករបស់អ៊ីរ៉ង់ជំនួសវិញ។