រុស្ស៊ី៖ វិមានក្រឹមឡាំងបាននិយាយថា សន្តិសុខអឺរ៉ុបត្រូវបានគំរាមកំហែងដោយសារការផ្គត់ផ្គង់អាវុធពីលោកខាងលិច បន្ទាប់ពីប្រមុខការទូតអង់គ្លេសបានអំពាវនាវឲ្យវាយបណ្ដេញកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរួមគ្នាសម្រុកផ្ដល់អាវុធ រួមទាំងអាវុធធុនធ្ងន់ផងនោះទៅកាន់ប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសផ្សេងទៀតគឺជាសកម្មភាពដែលគំរាមកំហែងដល់សន្តិសុខ និងបង្កឲ្យមានអស្ថិរភាពដល់ឧបទ្វីបនេះ។ លោកបានឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការអត្ថាធិប្បាយនានា ធ្វើឡើងដោយប្រមុខការទូតអង់គ្លេសគឺលោកស្រី Liz Truss ថា លោកខាងលិចត្រូវតែបង្កើនការផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន និងត្រៀមការធ្វើសង្គ្រាមរយៈពេលវែង។
លោកស្រីបាននិយាយកាលពីថ្ងៃពុធនៅក្នុងទីក្រុងឡុងដ៍ថា យើងបន្តបង្កើននឹងប្រឹងឲ្យបានលឿនដើម្បីបណ្ដេញរុស្ស៊ីចេញពីអ៊ុយក្រែនទាំងមូល។ យើងមិនអាចឈប់បានទេ។ ជោគវាសនារបស់អ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ លោកស្រីបានបន្ថែមថា ប្រសិនបើលោក Putin សម្រេចបំណងនឹងមានប្រទេសជាច្រើនទៀត នឹងរងទុក្ខនៅទូទាំងអឺរ៉ុប៕
អត្ថបទ៖ សុខមាន