ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បញ្ជាក់ថា ប្រទេសទួរគីត្រូវតែបានរួមបញ្ចូលនៅក្នុងរចនាសម្ព័ន្ធការពារជាតិ និងសន្តិសុខទាំងអស់របស់អឺរ៉ុប ដោយការលើកឡើងនេះកើតមានឡើងត្រឹមមួយសប្តាហ៍មុនកិច្ចប្រជុំកំពូលដ៏សំខាន់របស់អង្គការណាតូ (NATO) នៅទីក្រុង Ankara។
លោក Erdogan បានប្រាប់ប្រតិភូសភាមកពីរដ្ឋសមាជិកអង្គការណាតូទាំង៣២ នៅទីក្រុងអ៊ីស្តង់ប៊ុលថា៖ «ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសិទ្ធិអំណាច ក្នុងការអភិវឌ្ឍសសរស្តម្ភអឺរ៉ុបរបស់សម្ព័ន្ធភាពនេះ យើងចង់ចូលរួមក្នុងគំនិតផ្តួចផ្តើមការពារជាតិ និងសន្តិសុខទាំងអស់ នៅទ្វីបនេះ»។
លោកបាននិយាយទៀតថា៖ «យើងរំពឹងមានការគាំទ្រពីអ្នក ជាសមាជិកសភា ចំពោះការបញ្ចូលប្រទេសទួរគីទៅក្នុងគំនិតផ្តួចផ្តើមការពារជាតិ និងសន្តិសុខដែលត្រូវបានប្រកាសដោយសហភាពអឺរ៉ុប"។
ប្រទេសទួរគីបានស្វែងរកសមាជិកភាពសហភាពអឺរ៉ុប (EU) ជាយូរមកហើយ។ ហើយលោក Erdogan បន្ថែមថា អង្គការណាតូត្រូវតែលុបបំបាត់ឧបសគ្គទាំងអស់ដែលរារាំងពាណិជ្ជកម្មឧស្សាហកម្មការពារជាតិ រវាងសមាជិកនៃសម្ព័ន្ធមិត្តយោធា។
លោកបានប្រាប់សមាជិកសភាទាងនោះថា៖ «ប្រសិនបើយើងចង់យកឈ្នះលើបញ្ហាប្រឈមដែលយើងជួបប្រទះ យើងត្រូវលុបបំបាត់ឧបសគ្គ ចំពោះពាណិជ្ជកម្មឧស្សាហកម្មការពារជាតិ ខណៈពេលដែលធានាបាននូវការចែករំលែកបន្ទុកដែលមានតុល្យភាព និងយុត្តិធម៌ក្នុងចំណោមសម្ព័ន្ធមិត្ត»៕

