អារ៉ាប៊ីសាអ៊ូឌីត កាតា និងហ្ស៊កដានី នៅថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បានថ្កោលទោសការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល និងការឈ្លានពានដោយយោធាចូលទៅក្នុងភាគខាងត្បូងនៃប្រទេសស៊ីរី ដោយព្រមានថា ការរំលោភបំពានទាំងនេះគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន SANA បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលស៊ីរី កាលពីយប់ថ្ងៃអាទិត្យ ខណៈពេលដែលកំពុងដកពីភូមិ Abidin នៅជនបទភាគខាងត្បូងទីក្រុង Daraa មុនពេលបាញ់ផ្លោងដាក់តំបន់នោះ។ ហើយយន្តហោះអ៊ីស្រាអែលក៏បានហោះផងដែរពីលើតំបន់ជនបទនៃទីក្រុង Quneitra និង Daraa មុនពេលបើកការវាយប្រហារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានថ្កោលទោសការរំលោភបំពានរបស់អ៊ីស្រាអែល នៅក្នុងតំបន់នេះ រួមទាំង «ការឈ្លានពានចុងក្រោយរបស់ខ្លួនចូលទៅក្នុងទឹកដីស៊ីរី និងការកំណត់គោលដៅលើទីក្រុង Quneitra និង Daraa ជាមួយនឹងការបាញ់ផ្លោងកាំភ្លើងធំ»។
ចំណែកក្រសួងការបរទេសកាតា បានពិពណ៌នាអំពីការវាយប្រហារនេះថា ជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែត លើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ»។
រីឯអ្នកនាំពាក្យក្រសួងការបរទេសហ្ស៊កដានី លោក Fuad Majali បានបញ្ជាក់ថា ការឈ្លានពានចុងក្រោយរបស់អ៊ីស្រាអែលចូលទៅក្នុងតំបន់ទីក្រុង Quneitra និង Daraa រួមជាមួយនឹងការបាញ់ផ្លោងកាំភ្លើងធំ គឺជា «ការរំលោភបំពានយ៉ាងជាក់ស្ដែង លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី និងជាការរំលោភបំពានដោយយ៉ាងច្បាស់ក្រឡែតលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ»៕