រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៥៩ នៃទិវាជាតិកាណាដា (Canada Day) ដែលបានឆ្លុះបញ្ចំាងពីចំណងមិត្តភាព និងការបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅចុងសប្តាហ៍កន្លងមកនេះ បានអញ្ជើញចូលរួម តំណាង រាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៥៩ នៃទិវាជាតិកាណាដា (Canada Day) នៅសណ្ឋាគារ រ៉ាហ្វល ឡឺរូយ៉ាល់ ដែលកម្មវិធីនេះ រៀបចំឡើងដោយស្ថានទូតកាណាដាប្រចាំកម្ពុជា។
នៅក្នុងពិធីនោះ, ឯកឧត្តម គ្រីស្យង់ ដេរ៉ូស (Christian DesRoches) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានលើកឡើង ពីចំណងមិត្តភាពជាង៧ទសវត្សរ៍ និងការប្តេជ្ញាចិត្តរួមគ្នា ចំពោះសន្តិភាព និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។ ជាក់ស្តែងការដំឡើង កម្រិតការិយាល័យកាណាដា ជាស្ថានទូតពេញលេញនៅភ្នំពេញ ឆ្លុះបញ្ចាំងពីការបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏រឹងមាំ ជាក់ ស្តែងទំហំពាណិជ្ជកម្មទ្វេភាគី នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ សម្រេចបានប្រមាណជាង ៥៣៣លានដុល្លារអាមេរិក។ ចំណែក ទាក់ទិនការត្រៀមរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលឡាហ្វ្រង់កូហ្វូនីលើកទី២០ នាចុងឆ្នាំនេះ ក្រោមប្រធានបទ «ការវិនិយោគ លើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់រដ្ឋាភិបាលកាណាដា នឹងរំពឹងថា ព្រឹត្តិការណ៍នោះនឹងមានការចូលរួមក្នុងកម្រិតខ្ពស់ ដើម្បីរួមគ្នាជំរុញតម្លៃសន្តិភាព វប្បធម៌ចម្រុះ និង សាមគ្គីភាពក្នុងពិភព- លោកនិយាយភាសាបារាំង។
គួរបញ្ជាក់ផងដែរថា កម្ពុជា-កាណាដា មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងសហគ្រិនភាព តាំងពី ឆ្នាំ២០២២ ក្នុងកំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ភាពជាដៃគូនេះ បានបន្តរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងការគាំទ្រតួនាទីដឹកនាំ របស់កម្ពុជាលើរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ (WPS)» និងការកសាងផែនការសកម្មភាពជាតិដំបូងបង្អស់របស់កម្ពុជាស្តីពី WPS ផងដែរ។ តំណាងឱ្យក្រសួងកិច្ចការនារី បានអបអរសាទរខួបលើកទី១៥៩ នៃទិវាជាតិកាណាដា និងជូនពរឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើន និងរឹងមាំយូរអង្វែង៕
អត្ថបទ៖ សុន រ៉ាឌី





