ទីភ្នាក់ងារសារព័ត៌មាន Belga បានរាយការណ៍នៅថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) នេះថា ជនជាតិជ្វីហ្វបែលហ្ស៊ិកមួយក្រុម បានអំពាវនាវឱ្យបែលហ្ស៊ិក និងបណ្ដាប្រទេសអឺរ៉ុបដាក់ទណ្ឌកម្ម លើអ៊ីស្រាអែល ខណៈដែលប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា West Bank និងភាគខាងកើតទីក្រុង Jerusalem នៅតែបន្តប្រឈមនឹងការរំលោភបំពានសិទ្ធិមនុស្ស។
ក្រុមនេះបានចេញលិខិតចំហមួយ ដោយជំរុញឱ្យអ៊ីស្រាអែលគួរបញ្ឈប់វប្បធម៌និទណ្ឌភាពហើយ ជុំវិញសកម្មភាពរបស់ខ្លួន លើប្រជាជនប៉ាឡេស្ទីន។ ហើយក្រុមបានរិះគន់ច្បាប់កាត់ទោសប្រហារជីវិតថ្មីៗនេះរបស់ទីក្រុង Tel Aviv ដោយព្រមានថា វានឹងត្រូវបានអនុវត្ត ចំពោះតែប្រជាជនប៉ាឡេស្ទីនប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រុមនេះក៏បានថ្កោលទោសផងដែរ ចំពោះការវាយលុកយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ដោយចង្អុលបង្ហាញថា វាបណ្តាលឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់ និងការផ្លាស់ទីលំនៅយ៉ាងទូលំទូលាយ។
ក្រុមនេះបានអំពាវនាវឱ្យរដ្ឋាភិបាលបែលហ្ស៊ិក និងសហភាពអឺរ៉ុប ហាមឃាត់ការនាំចូលពីតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែល និងក៏បានជំរុញឱ្យប្លុកនេះផ្អាកកិច្ចព្រមព្រៀងសមាគមរបស់ខ្លួនជាមួយអ៊ីស្រាអែលផងដែរ។
អ្នកចុះហត្ថលេខា ក្នុងលិខិតនោះ រួមមានអ្នកនិពន្ធ លោក Vincent Engel អតីតសមាជិកសភាទីក្រុងប៊្រុចសែល លោកស្រី Simone Susskind អតីតនិពន្ធនាយកទស្សនាវដ្ដី Revue Politique លោក Henri Goldman និងអតីតប្រធានសម្ព័ន្ធសិទ្ធិមនុស្ស លោកស្រី Olivia Venet៕