រលករញ្ជួយ ឬរញ្ជួយដីតូចកម្រិត ៤,៦រ៉ិចទ័រ ជម្រៅ ១០គីឡូម៉ែត្រ បានវាយប្រហារភាគខាងជើងនៃរដ្ឋធានីការ៉ាកាសរបស់ប្រទេសវ៉េណេស៊ុយអេឡា នាព្រឹកថ្ងៃចន្ទ (ទី២៩ ខែមិថុនា ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS)។
ប្រធានរដ្ឋសភា លោក Jorge Rodriguez បានឲ្យដឹងនៅលើបណ្ដាញសង្គមថា មិនមានការខូចខាតណាមួយ ត្រូវបានរាយការណ៍ភ្លាមៗឡើយពីរញ្ជួយដីនេះ។
ប្រជាជននៅទីក្រុងការ៉ាកាស បានភ្ញាក់ពីដំណេកដោយសារការរលករញ្ជួយកម្រិតមធ្យមដែលបានធ្វើឲ្យរង្គើផ្ទះសម្បែងរបស់ពួកគេ ខណៈដែលក្រុមជួយសង្គ្រោះ បានបន្តការងារពេញមួយថ្ងៃ នៅថ្ងៃទី៤ ក្នុងតំបន់ដែលរងប៉ះពាល់ដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា កាលពីសប្តាហ៍មុន នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានផ្តោតជាពិសេស នៅរដ្ឋ La Guaira ជារដ្ឋដែលរងគ្រោះខ្លាំងបំផុតរបស់ប្រទេស ដែលជាប់ជាយូរមកហើយ ក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា រញ្ជួយដី ២លើក កាលពីថ្ងៃពុធសប្ដាហ៍កន្លងមក បានបណ្តាលឱ្យមនុស្សជិត ១.៥០០នាក់ បានបាត់បង់ជីវិត ខណៈជាង ៣.១៥០នាក់ បានរងរបួស៕