សហរដ្ឋអាមេរិក បានឱ្យដឹងថា កិច្ចប្រជុំកម្រិតខ្ពស់ ស្តីពីអ៊ីរ៉ង់ នឹងត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) ដោយបេសកជនជាន់ខ្ពស់របស់លោកប្រធានាធិបតី Donald Trump គឺលោក Steve Witkoff និងលោក Jared Kushner នឹងធ្វើដំណើរទៅចូលរួម ខណៈពេលដែលកិច្ចពិភាក្សាបច្ចេកទេស ក៏នឹងចាប់ផ្ដើមនៅក្រៅកិច្ចប្រជុំនោះផងដែរ។
តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម នៅថ្ងៃចន្ទនេះ លោក Trump បានបញ្ជាក់ថា អ៊ីរ៉ង់បានស្នើសុំឲ្យមានកិច្ចប្រជុំមួយ ហើយវានឹងធ្វើឡើងនៅរដ្ឋធានីរបស់កាតា តែមិនផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។ ក្រោយមក អ្នកនាំពាក្យរបស់លោក Trump គឺលោកស្រី Karoline Leavitt បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា លោក Witkoff និងលោក Kushner នឹងចូលរួមកិច្ចពិភាក្សានេះ។
លោកស្រីបាននិយាយថា៖ «បេសកជនពិសេស លោក Witkoff និងលោក Jared Kushner នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ នៅសប្តាហ៍នេះ ខណៈពេលដែលយើងបន្តពិភាក្សា អំពីអនុស្សរណៈនៃការយោគយល់គ្នា (MOU)។ នៅក្រៅកិច្ចពិភាក្សាកម្រិតខ្ពស់ទាំងនោះ នឹងមានកិច្ចពិភាក្សាបច្ចេកទេស»។
កាលពីថ្ងៃទី១៧ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើ MOU ចំនួន ១៤ចំណុច ដែលមានគោលបំណងបញ្ចប់ជម្លោះរយៈពេល ៤ខែ ដែលក្រោមអនុស្សរណៈនេះ ភាគីទាំង២ បានព្រមព្រៀងគ្នាបញ្ឈប់អរិភាព និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ប្រេង និងឧស្ម័នធម្មជាតិរាវ ១ភាគ៥ របស់ពិភពលោក ជាធម្មតាឆ្លងកាត់ច្រកសមុទ្រនេះ។
ប៉ុន្តែការវាយប្រហារសងសឹកគ្នា កាលពីចុងសប្តាហ៍ បានគំរាមកំហែងធ្វើឱ្យមានការរអាក់រអួលដល់កិច្ចព្រមព្រៀងដ៏ផុយស្រួយនេះ។ ការវិលត្រឡប់ទៅរកការចរចាវិញ នឹងកើតឡើងបន្ទាប់ពីមានការវាយប្រហារ និងការវាយប្រហារតបតវិញជាច្រើនថ្ងៃ ចាប់តាំងពីមីស៊ីលរបស់អ៊ីរ៉ង់បានវាយប្រហារនាវាដឹកទំនិញ ១គ្រឿង នៅច្រកសមុទ្រកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំពានបទឈប់បាញ់បណ្តោះអាសន្ននេះ៕