ប្រជាពលរដ្ឋអ៊ីរ៉ាក់រស់នៅក្នុងទីក្រុងបាកដាដ បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះវិធានការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការចាប់ខ្លួនក្រុមមន្រ្តីដោយរដ្ឋាភិបាលអ៊ីរ៉ាក់ ស្របពេលដែលពលរដ្ឋមួយចំនួនទៀតនិយាយថា វិធានការនេះ ហាក់បីដូចជាយឺតយ៉ាវខ្លាំង ក្រោយអំពើពុករលួយទ្រង់ទ្រាយធំ កើតមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានចាប់ខ្លួនក្រុមអ្នកនយោបាយ ក្រុមតំណាងរាស្រ្ត និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ កាលពីព្រឹកថ្ងៃអាទិត្យ អំឡុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលត្រូវបានបញ្ជាដោយលោកនាយករដ្ឋមន្រ្តី Ali al-Zaidi ។
អង្គភាពប្រឆាំងភេរវកម្ម(CTS) បានវាយឆ្មក់គេហដ្ឋានរបស់ក្រុមអ្នកនយោបាយ និងមន្រ្តីជាន់ខ្ពស់នៅក្នុងតំបន់បៃតង ស្ថិតនៅទីក្រុងបាកដាដ កាលពីព្រឹកថ្ងៃអាទិត្យ ហើយនិងបានចាប់ខ្លួនមនុស្សជាច្រើននាក់ ។ ពុំមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយត្រូវបានបង្កើតនោះទេ ចំពោះការចាប់ខ្លួនមនុស្សទាំងនេះ ។
លោក Zaidi ដែលបានឡើងកាន់អំណាចកាលពីខែឧសភា បានសន្យាថា នឹងចាត់វិធានការបោសសម្អាតអំពើពុករលួយឲ្យអស់ ដែលជាបញ្ហាប្រឈមអភិបាលកិច្ចដុះស្លែនៅក្នុងប្រទេសមួយនេះ ៕