នៅថ្ងៃចន្ទនេះ ភូមិដ្ឋានប្រជាពលរដ្ឋជាច្រើន រងការជន់លិចនៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា ក្រោយទឹកជន់ពីរដ្ឋជិតខាង Arunachal Pradesh បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ ។
ទឹកជំនន់ដ៏គំហក់ បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារស្រុក Keyi Panyor រដ្ឋ Arunachal Pradesh កាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សម្នាក់ និងមនុស្ស ៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
នៅរដ្ឋ Arunachal Pradeshទឹកជំនន់ត្រូវបានគេមើលឃើញហូរយ៉ាងខ្លាំងឆ្លងកាត់ទីលំនៅស្ថានរបស់ប្រជាពលរដ្ឋ ក៏ដូចជាហូររំលើងគល់ដើមឈើ ហើយកម្ទេចកម្ទី ត្រូវបានគេមើលឃើញរាយប៉ាយពាសពេញផ្លូវដែលជន់លិចដោយសារទឹកជំនន់ ។
ក្រុមអាជ្ញាធររដ្ឋដោយមានការគាំទ្រពីទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយ និងឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាស បានចុះប្រតិបត្តិការជួយសង្រ្គោះ និងផ្តល់ជំនួយ ដោយពួកគេបានដាក់ពង្រាយមន្រ្តីរបស់ខ្លួន និងការផ្គត់ផ្គង់បន្ទាន់ទៅកាន់តំបន់រងគ្រោះដែលមិនអាចចូលទៅដល់ ។
ចំណែកឯអ្នកស្រុកនៅរដ្ឋ Assam វិញ និយាយថា ទឹកជំនន់បានចាប់ផ្តើមកើតមាន ក្រោយពេលទឹកបញ្ចេញពីទំនប់វារីអគ្គិសនី Ranganadi ធ្វើឲ្យពួកគេមានពេលតិចតួចប៉ុណ្ណោះ ក្នុងការផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ឬការពារបសុសត្វរបស់ពួកគេ ។
សូមបញ្ជាក់ថា តំបន់ភាគឦសានប្រទេសឥណ្ឌា តែងតែញាំញីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលនាំឲ្យកើតមានបំណាក់ដីស្លាប់មនុស្ស និងទឹកជំនន់ដ៏គំហក់ ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ ៕