លោក Mata Khan គឺជាពលរដ្ឋមួយរូបរបស់អាហ្វហ្គានីស្ថាននិយាយថា អ្នករាល់គ្នាកំពុងដេកលង់លក់ ពេលដែលយន្តហោះប៉ាគីស្ថានទម្លាក់គ្រាប់បែកលើផ្ទះអ្នកស្រុកកាលពីវេលាម៉ោង ១១ និង ៤៥នាទីយប់ ម៉ោងក្នុងស្រុកថ្ងៃអាទិត្យ ។
លោកថា នៅក្នុងផ្ទះមានទាំងក្មេងៗ ស្រ្តី មនុស្សប្រុស និងមនុស្សចាស់ ពួកគេទាំងអស់គ្នាកំពុងដេកលង់លក់ ។
អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលតាលីបង់លោក Hamdullah Fitrat បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់ប៉ាគីស្ថាននៅក្នុងខេត្តភាគខាងកើតចំនួន ៣ បានសម្លាប់ជនស៊ីវិល ៣៨នាក់ និងមនុស្ស ១៦៣នាក់ផ្សេងទៀត រងរបួស ។
លោកបានបង្ហោះនៅលើគណនី X របស់ខ្លួនថា ការវាយប្រហារដែលបានធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ បានបណ្តាលឲ្យជនស៊ីវិល ៣៨ នាក់ ស្លាប់ ក្នុងនោះមានស្ត្រី និងកុមារ ខណៈដែល ១៦៣ នាក់ផ្សេងទៀត បានរងរបួស»។
ក្រុមមន្ត្រីប៉ាគីស្ថាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានធ្វើប្រតិបត្តិការថ្នើរជើងតាមបណ្តោយព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារតាមផែនការ ប្រឆាំងនឹងកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ និងកន្លែងសុវត្ថិភាពរបស់ពួកគេ ។
នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយ X រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធជាច្រើន នៅទូទាំងប្រទេសនេះ ៕