វិមានក្រឹមឡាំងនិយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ីពុំបានផ្លាស់ប្តូរនោះទេគោលជំហររបស់ខ្លួនចំពោះលក្ខខណ្ឌត្រូវការសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ចាប់តាំងពីលោកប្រធានាធិបតី Vladimir Putin និយាយកាលពីឆ្នាំ ២០២៤ថា កងកម្លាំងទីក្រុងគីវ ត្រូវតែដកចេញពីតំបន់ចំនួន ៤ដែលទីក្រុងមូស្គូនិយាយថា គឺជាទឹកដីរបស់ខ្លួន និងត្រូវតែដកចេញជាផ្លូវការផែនការរបស់ពួកគេ ក្នុងការចូលរួមជាមួយអង្គការណាតូ ។
លោក Putin និយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កាលពីចុងសប្តាហ៍ថា រុស្ស៊ីនឹងបន្តគោលបំណងសមរភូមិប្រយុទ្ធនៃការគ្រប់គ្រងទាំងស្រុងតំបន់ចំនួន ៤ និងច្រានចោលអ្វីដែលលោកនិយាយថា គឺជាសំណើថ្មីរបស់អ៊ុយក្រែន ដើម្បីទប់ស្កាត់អរិភាពនៅក្នុងសង្រ្គាមរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ ។
លោក Putinនិយាយនៅក្នុងបទសម្ភាសន៍តែមួយថា អ៊ុយក្រែនស្នើសុំឲ្យបញ្ឈប់រៀងៗខ្លួនការវាយប្រហាររយៈចម្ងាយឆ្ងាយ ហើយការប្រយុទ្ធគ្នាគួរកំណត់ត្រឹម ៤តំបន់នេះ គឺតំបន់ Donetsk, Luhansk, Kherson និងតំបន់ Zaporizhzhia ដែលរុស្ស៊ីចាត់ទុកថាជាតំបន់របស់ខ្លួន ។
ការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើ ដែលបានដាក់ជូនអំឡុងពេលយប់នៅអ៊ុយក្រែន ដូចអ្វីដែលលោក Putinបានអះអាង ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលជំហររបស់ពួកយើងច្បាស់លាស់។ ការពិតណាស់ថា គោលជំហររបស់ពួកយើងពុំបានផ្លាស់ប្តូរនោះទេ វាត្រូវបានដាក់ចេញដោយប្រមុខរដ្ឋរបស់ពួកយើងកាលពីរយៈពេល ២ឆ្នាំមុន ក្នុងសុន្ទរកថានៅក្រសួងការបរទេស ។ ទីក្រុងគីវ បានដឹងច្បាស់ ក្រុមអ្នកចរចាអាមេរិក ក៏បានដឹងច្បាស់ពីគោលជំហរមួយនេះ ៕