នៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Saab របស់ស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤,៨៣ពាន់លានដុល្លារជាមួយប៉ូឡូញ សម្រាប់នាវាមុជទឹកប្រភេទ A26 ចំនួន ៣គ្រឿង ។
ក្រុមហ៊ុន Saab និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងមួយនេះ រួមបញ្ចូលផងដែរកញ្ចប់អាវុធ កញ្ចប់បណ្តុះបណ្តាល និងកញ្ចប់គាំទ្រ ជាមួយនឹងការចែកចាយនាវាមុជទឹកចុងក្រោយនៅឆ្នាំ ២០៣៨ ។
ប៉ូឡូញបានប្រកាសកាលពីឆ្នាំមុនថា ពួកគេជ្រើសរើសក្រុមហ៊ុន Saab ដើម្បីផ្គត់ផ្គង់នាវាមុជទឹក ៣គ្រឿង នៅក្នុងកិច្ចព្រមព្រៀងតម្លៃវាល់ពាន់លានដុល្លារ ដែលបង្កើតជាចំណុចដ៏សំខាន់មួយនៃកិច្ចខិតខំរបស់ទីក្រុងវ៉ាសូវី ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួននៅសមុទ្របាល់ទិក ។
រដ្ឋាភិបាលស៊ុយអែតនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតថា ស៊ុយអែត និងប៉ូឡូញ បានបញ្ចប់កិច្ចចរចាដោយជោគជ័យលើការទិញនាវាមុជទឹក A26 ពីក្រុមហ៊ុន Saab ។
សេចក្តីថ្លែងការណ៍បន្តទៀតថា កិច្ចព្រមព្រៀងមួយនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងសមត្ថភាពកងទ័ពជើងទឹកប៉ូឡូញ ហើយក្នុងពេលតែមួយ វានឹងរួមចំណែកឲ្យស៊ុយអែត និងប៉ូឡូញ ជំរុញសន្តិសុខរបស់ពួកគេ ហើយនិងកិច្ចសហប្រតិបត្តិការនយោបាយឧស្សាហកម្មរបស់ពួកគេ ៕