ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហព័ន្ធវិនិយោគកម្ពុជា បានរៀបចំយុទ្ធនា ការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក តាមរយៈ គុណភាព ផលិតភាព ស្តង់ដា និងនវានុវត្តន៍។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងយុទ្ធនាការអភិវឌ្ឍន៍ សហគ្រាស និងអនុលោមភាពផលិតផល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ឯកឧត្តមបានរំលេចពីសារសំខាន់ នៃការត្រៀម លក្ខណៈ សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលតម្រូវឱ្យសហគ្រាសក្នុងស្រុកមានសមត្ថភាពប្រកួតប្រជែង ដោយមិនផ្តោតតែលើថ្លៃដើមទាបដូចពីមុនឡើយ ប៉ុន្តែត្រូវឈានប្រកួតប្រជែងលើគុណភាព ផលិតភាព និងនវានុវត្តន៍ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមម្ចាស់សហគ្រាសគិតថា អនុលោមភាពគឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់ អាជីវកម្មទេ។ សហគ្រាសដែលវិនិយោគលើគុណភាព ស្តង់ដា ភាពត្រឹមត្រូវនៃខ្នាតរង្វាស់រង្វាល់ ការធ្វើតេស្តមន្ទីរពិសោធន៍ និង នវានុវត្តន៍ គឺកំពុងវិនិយោគលើទំនុកចិត្តរបស់អតិថិជន ពង្រឹងម៉ាកយីហោកាន់តែរឹងមាំ និងកំណើនប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើបទបង្ហាញ អំពីការលើកទឹកចិត្តការគាំទ្ររបស់រាជរដ្ឋាភិបាល និងប្រព័ន្ធអេកូឡូស៊ីគាំទ្រ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលរួមមានទាំងសេវាសាធារណៈរបស់ក្រសួង ចាប់តាំងពីការបង្កើតសហគ្រាស និងការដំណើរ ការអាជីវកម្ម ប្រកបដោយភាពប្រកួតប្រជែង ដល់ការបង្កើនផលិតភាព និងគុណភាពផលិតផល ពង្រឹងអនុលោមភាពតាមរយៈ ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព ព្រមទាំងការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។
ឯកឧត្តមបានគូសបញ្ជាក់ថា បញ្ហានេះ ក្រសួងនឹងបន្តកែទម្រង់ ដើម្បីធ្វើឱ្យអនុលោមភាពកាន់តែងាយស្រួល តាមរយៈការ កែលម្អនីតិវិធី និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដើម្បីជួយសហគ្រាសកម្ពុជា បង្កើនភាពប្រកួតប្រជែង និងត្រៀមខ្លួន សម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។ ជាក់ស្តែងយុទ្ធនាការនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា និងគាំទ្រចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចដែលមានភាពធន់ ជំរុញដោយនវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមចក្ខុវិស័យឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ សុន រ៉ាឌី












