រុស្ស៊ី៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់វិមានក្រឹមឡាំងបានព្រមានថា ការគាំទ្រផ្នែកគ្រឿងសព្វាវុធរបស់លោកខាងលិចឲ្យវាយប្រហារចូលទឹកដីរបស់រុស្ស៊ី មិនត្រឹមតែអាចនាំឲ្យបរាជ័យក្រោមដៃរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងរងការបំផ្លិចបំផ្លាញទាំងស្រុងនៅក្នុងប្រទេសអ៊ុយក្រែនទៀតផង។

ការព្រមានចេញពីមាត់របស់លោកស្រី Margarita Simonyan និពន្ធនាយករបស់សារព័ត៌មានឃោសនានយោបាយ RT និង Sputnik មានឡើងបន្ទាប់ពីមានការវាយប្រហារពីអ៊ុយក្រែនបន្ថែមទៀត ទាំងយប់នៅទីក្រុងព្រំដែន Belgorod ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់កងកម្លាំងយោធារុស្ស៊ីនៅប្រទេសអ៊ុយក្រែនភាគខាងកើត។ នេះមិនមែនជាលើកដំបូងទេដែលក្រុមមេដឹកនាំនៅវិមានក្រឹមឡាំង ឬក្រុមអ្នកឃោសនានយោបាយរុស្ស៊ីបានព្រមានពីការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ទោះបីជាការគំរាមទាំងនោះលេចចេញរូបរាងកាន់តែច្បាស់ឡើង ខណៈសង្គ្រាមនៅតែបន្ត៕
អត្ថបទ៖ សុខមាន